សង្គម

សម្តេចតេជោ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលត្រូវបានគេចាត់ទុកថា ជាយុទ្ធនាការក្នុងការការពារអាយុជីវិតកុមារពីជំងឺកាចសាហាវកូវីដ១៩។

ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំនេះ ធ្វើឡើងនៅវិមានសន្តិភាព ដោយ​មាន​ចៅៗរបស់សម្តេចតេជោ និងចៅៗរបស់ឥស្សរជនជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត បានទៅចាក់វ៉ាក់សាំងបើកយុទ្ធនាការនេះ។

បើតាម​ការ​លើក​ឡើង​របស់​សម្តេចតេជោថា ការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ ១២ឆ្នាំនេះ គឺដើម្បីបង្កើតភាពសាំក្នុងសង្គមឱ្យកាន់តែធំ ដែលអាចឈានទៅបើកលំហរសកម្មភាពក្នុងសង្គម ឱ្យកាន់តែទូលាយ។ បន្ថែមពីលើនេះ គោលដៅសំខាន់ក្នុងការចាក់វ៉ាក់សាំងនេះ ដើម្បីឱ្យកុមារតូចៗអាចចូលរៀននៅសាលាឡើងវិញ។

សូម​បញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួនពីរលើករួចមកហើយ។ លើកទី១ ធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ហើយគិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងនេះ ចំនួន ៩.៧លាននាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស្មើនឹង ៩៧.៨៨ភាគរយ។

យុទ្ធនាការលើកទី២ ធ្វើឡើងនៅថ្ងៃទី០១ ខែសីហា គឺការចាក់ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលមានចំនួនប្រមាណជា ២លាននាក់។ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា មានកុមារ និងយុវវ័យសរុបជាង ១១.៥លាននាក់ បានចាក់វ៉ាក់សាំង ស្មើនឹងប្រមាណ ៨៧.៣៨ភាគរយ៕