សង្គម

ប្រមុខរាជរដ្ឋាភិបាល ប្រកាស​យុទ្ធនាការចាក់វ៉ាក់សាំង​សម្រាប់កុមារអាយុពី៦ឆ្នាំ ដល់១២ឆ្នាំ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹក​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​២០២១នេះ បានប្រកាស​ពីការ​បើក​យុទ្ធនាការចាក់វ៉ាក់កូវីដ១៩ សម្រាប់កុមារដែលមានអាយុពី៦ ដល់១២ឆ្នាំ ខណៈ​ដែល​យុទ្ធនាការ​ចាក់វ៉ាក់សាំង​សម្រាប់កុមារ និង​យុវវ័យ​ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានប្រមាណជាង៨៧ភាគរយហើយ។

បើតាម​ការ​បញ្ជាក់របស់​សម្តេចតេជោ យុទ្ធនាការ​ចាក់វ៉ាក់សាំង​កូវីដ១៩ សម្រាប់​កុមារ​អាយុពី៦ ដល់១២ឆ្នាំ គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃសុក្រខាងមុខនេះ សម្រាប់កុមារដែលមាន​ចំនួនសរុប ១លាន៨សែននាក់ ដោយ​ប្រើប្រាស់វ៉ាក់សាំង Sinovac របស់ប្រទេសចិន។

សម្តេចតេជោបានបញ្ជាក់ថា ការ​ចាប់ផ្តើម​យុទ្ធនាការ​ចាក់វ៉ាក់សាំងសម្រាប់កុមារ​ដែលមាន​អាយុពី ៦ ដល់១២ឆ្នាំនេះ គឺដើម្បីអាច​ឲ្យ​កុមារចូលរៀន​បឋមសិក្សា អាចចូលរៀនវិញបានដោយ​គ្មាន​ការ​ភ័យខ្លាច។

ជាមួយ​គ្នា​នេះដែរ សម្រាប់​កុមារ​ដែលមាន​អាយុ​ចាប់ពី ៣ ដល់៦ឆ្នាំវិញ រាជរដ្ឋាភិបាល​កំពុងតែធ្វើការ​គិតគូរ។

គួរ​បញ្ជាក់ដែរថា គិត​ត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ​២០២១ កម្ពុជា​បាន​សម្រេច​ចាក់វ៉ាក់សាំងជូនពលរដ្ឋ​ដែលមាន​អាយុពី១៨ឆ្នាំឡើង បាន​ចំនួនជាង៩៧ភាគរយហើយ នៃចំនួនគោលដៅចំនួន១០លាននាក់ និង​ការ​ចាក់វ៉ាក់សាំងជូនដល់កុមារ​យុវវ័យ ដែលមាន​អាយុចាប់ពី ១២ ដល់ក្រោម ១៨ឆ្នាំ បានចំនួនជាង ៨៧ភាគរយហើយ ធៀបនឹង​គោលដៅ ២លាននាក់៕