របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញ ក្នុងការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទូទាំងប្រទេស សមត្ថកិច្ចបានរកឃើញមធ្យោបាយល្មើសសរុបចំនួន ៨១០គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៥៧០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ (ចាប់ពីថ្ងៃ១ ដល់ថ្ងទី១៤ខែមិថុនា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ១៦,៧៦៩គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១២,៦៤៧គ្រឿង ត្រូវបានផាកពិន័យ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១៤ថ្ងៃ នៃខែមិថុនានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕