សង្គម

កម្មករ​​ម៉ាស៊ីនទឹកកកផ្សារបត់រការ ឆក់ខ្សែភ្លើងស្លាប់ពេលបំពេញការងារ អធិការស្រុកសំរោងបិទបញ្ចប់សំណុំរឿង ត្រឹមម្ចាស់សិប្បកម្ម​សង២៥០០ដុល្លារ

ករណីកម្មកររោងសិប្បកម្ម​ផលិតទឹកកក​ផ្សារ​បត់រការ មានទីតាំងស្ថិតនៅផ្សារបត់ ឃុំសំរោង ស្រុកសំរោង នៃ​ខេត្ត​តាកែវ ដែលត្រូវ​ខ្សែភ្លើងឆក់ស្លាប់ ពេលបំពេញការងារ ពេលនេះ​ត្រូវ​បានបិទ​បញ្ចប់សំណុំរឿងហើយ ក្រោយ​ម្ចាស់សិប្បកម្មបានបង់សំណង​ចំនួន ២៥០០ដុល្លារអាមេរិក។

ក្មេងប្រុស​ដែលមានឈ្មោះ ញ៉ែម សូ អាយុ​១៦ឆ្នាំ រស់នៅ​ភូមិតាម៉ៅ ឃុំជើងគួន ស្រុកសំរោង ត្រូវបានខ្សែភ្លើងឆក់ស្លាប់ កាលពីល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ​២០២១ ក្រោយ​ពី​រូបគេ​បានទៅពិនិត្យ​ម៉ូទ័របូមទឹក នៃសិប្បកម្មផលិតទឹកកក។

បើតាម លោក កេត ព្រុង ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តតាកែវបានថ្លែងថា ក្រោយកើតហេតុលោកបានចាត់ក្រុមការងារឲ្យ​ចូលរួមត្រូតពិនិត្យ ហើយ​រកឃើញ​ថា រោងសិប្បកម្មខាងលើគឺមានករណីខុសលក្ខណៈបចេ្ចកទេសច្រើន ហើយលោកបានទុកពេលឲ្យ​១ខែ ដើម្បីឲ្យសិប្បកម្មនោះ​កែរប្រែ តែបើមិនមានការកែប្រែទេ លោកនឹងបិទរោងសិប្បកម្មនេះភ្លាម។ ចំណែកជនរងគ្រោះស្លាប់ដែលមានអាយុ១៦ឆ្នាំនោះ គឺទុកឲ្យ​ខាងមន្ទីរការងារ ព្រោះ​មិនពាក់ពន្ធ័ជាមួយ​លោកទេ។

នៅថ្ងៃនេះ យើង​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺពីមន្ទីរការងារខេត្តតាកែវបានទេថា តើ​ករណីនេះ​នឹង​ត្រូវ​ចាត់ការ​យ៉ាងណា?

តែយ៉ាងណាក៏ដោយ បើតាម​លោក ភី ឆុន អធិការនគរបាលស្រុកសំរោង បានថ្លែងថា ករណីនេះក្មេងប្រុសឆក់ខ្សែភ្លើងស្លាប់នៅរោងម៉ាស៊ីនទឹកកកផ្សារបត់រការនោះ​ គឺបានបិទបញ្ចប់សំណុំរឿងហើយ ដោយ​ខាងម្ចាស់ម៉ាស៊ីនទឹកកក បានសម្របសម្រួលជាមួយ​គ្រួសារ​ជនរងគ្រោះ។

តាមលោកអធិការថា ករណីនេះ គឺជាករណីបង្ករដោយ​ខ្លួនឯង ដោយលោកថា ពេលបំពេញការងារនោះ កម្មករផ្សេងៗ​គេ​ទៅបំពេញការងារតាមជំនាញគេរៀងៗខ្លួន ចំណែកជនរងគ្រោះបានទៅកន្លែងខ្សែភ្លើងឆក់នោះ ដោយ​ពុំ​មានអ្នក​ណាប្រើឡើយ (Sic!)។

ជាមួយ​គ្នា​នេះ លោក ភី ឆុន ក៏​បានឲ្យដឹងដែរថា ករណីនេះ​ពុំ​មានអ្នក​ណាដាក់ពាក្យ​បណ្តឹង​ឡើយ ដូច្នេះ​ទើប​លោក​បិទ​បញ្ចប់សំណុំរឿងនេះ៕