សង្គម

សង្ស័យប្រច័ណ្ឌ ដកកាំភ្លើងបាញ់សម្លាប់ខាងស្រី រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ

បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ បាន​ដេកស្លាប់​ឱប​គ្នា នៅក្នុង​បន្ទប់ ដោយ​គេ​បាន អះអាងថា ខាង​ប្រុស ជា​អ្នកបាញ់​ខាង​ស្រី រួច​បាញ់សម្លាប់​ខ្លួនឯង តាម​ក្រោយ ហើយ​ករណីនេះ គេ​បានដាក់​ការសង្ស័យថា បណ្ដាលមកពី​រឿង​ប្រច័ណ្ឌ ច្រើនជាង ពីព្រោះ​អត្តឃាត​ជន និង​ស្ត្រី​រងគ្រោះ ទាំង​២​នាក់ ជា​សង្សារ ទើបនឹង​ស្គាល់គ្នា​ថ្មីៗ​។​

​ហេតុការណ៍​នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិត​ដាក់​ក្លិប​ទ្រូ​ហ្វេ​ស ដែលមាន​ទីតាំង នៅ​ផ្លូវ​លេខ ៩០ កែង​ផ្លូវ​ព្រះស៊ីសុវត្ថិ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ជនដៃដល់ មានឈ្មោះ ឌុ​ច សុភា អាយុ​ជាង ៣០ ឆ្នាំ មុខរបរ សន្តិសុខ និង​ជាម​ន្ត្រី​យោធា យាម​នៅ​កន្លែងកើតហេតុ ខាងលើ​។ ចំណែក​នារី​រងគ្រោះ មានឈ្មោះ ទូច សំអាង ហៅ ម៉ាក់​ស្រី​កា មាន​អាយុ​ជាង ៤០ ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មានកូន​ប្រុស ស្រី ៣ នាក់ និង​មាន​មុខរបរ លក់ដូរ ស្នាក់នៅ ម្តុំ​កន្លែងកើតហេតុ​ដែរ​។​

បើតាម​ការបញ្ជា​ក់រប​ស់លោក​គ្រូពេទ្យ រាជធានី​ភ្នំពេញ ដែល​បានធ្វើ​កុស​ល្យ​វិច័យ បានបញ្ជាក់ យ៉ាងច្បាស់​ថាៈ ស្ត្រី​រងគ្រោះ ខាង​ស្រី ត្រូវបាន​ខាង​ប្រុស​បាញ់​ចំ​បំពង់ ក ធ្លាយ​ទៅ​ឆ្អឹងជំនី​ខាងឆ្វេង​។ ចំណែកឯ​ជនដៃដល់ ក៏បាន​បាញ់​ខ្លួនឯង តាម​ក្រោយ ចំ​សៀតផ្កា ខាងឆ្វេង ធ្លាយ​ទៅ​សៀតផ្កា​ខាងស្ដាំ បណ្ដាល​ឲ្យ​ស្លាប់​ទាំងពីរ​នាក់ នៅនឹងកន្លែង​កើតហេតុ​តែម្ដង​។​

​បើតាម​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថាៈ ហេតុការណ៍​ផ្ទុះអាវុធ​បាញ់សម្លាប់​គ្នា​នេះ គឺ​កើតឡើង កាលពី​វេលា​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១ មកម្ល៉េះ ដោយ​មុន​កើតហេតុ រវាង​ជនរងគ្រោះ និង​ជនដៃដល់ ដែលជា​សង្សារ​នឹង​គ្នា បាន​ឈ្លោះប្រកែក​គ្នា ពុំ​ដឹងថា ផ្ដើមចេញពី​រឿង​អ្វី​នោះទេ ប៉ុន្តែ​គេ​សង្ស័យថា អាចជា​រឿង​ប្រច័ណ្ឌ ទើប​ឈានដល់​ខាង​ប្រុស បាន​ប្រើ​កាំភ្លើងខ្លី​មួយ​ដើម ម៉ាក​K54 បាញ់​ទៅលើ​នារី​រងគ្រោះ មួយ​គ្រាប់ ចំ​ត្រង់ចំណុច បំពង់ ក ធ្លាយ​ទៅ​ឆ្អឹងជំនី​ស្លាប់ ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ បន្ទាប់មក ខាង​ប្រុស ក៏បាន​បាញ់សម្លាប់​ខ្លួនឯង តាម​ក្រោយ ចំ​សៀត​ថ្កា​ខាងឆ្វេង ធ្លាយ​ទៅ​ស្តាំ ចំនួន​មួយ​គ្រាប់ ស្លាប់​ភ្លាមៗ​ដែរ​។

​ប្រភពព័ត៌មាន បាន​បន្តទៀតថាៈ ហេតុការណ៍ ពុំមាន​អ្នកណា​ដឹង​នោះទេ លុះ​រហូត​ឈានដល់​វេលា​ព្រឹក ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១ ទើប​មាន​សន្តិសុខ​ម្នាក់ទៀត ដល់​ម៉ោង​ប្ដូរ​វេន​យាម បានមក​ដល់ទី​តាំង មិនឃើញ​ជនដៃដល់ ចេញមក​ប្តូរ​វេន ក៏​ឡើងទៅ​មើល នៅ​បន្ទប់​ខាងលើ ស្រាប់តែ​ឃើញ បុរស​រូបនោះ ដេកស្លាប់ ជា​នារី​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​សង្សារ​នឹង​គ្នា ស្លាប់​ទាំង​២​នាក់ ទើប​បង្ក​ភាព​ភ្លាក់​ផ្អើល ដល់​ប្រជាពលរដ្ឋ និង សមត្ថកិច្ច ចុះ​អន្តរាគមន៍ ធ្វើ​កោសល្យវិច័យ​តែម្តង​។​

​ក្រោយពី​ក្រុមគ្រូពេទ្យ បាន​ចុះ​ធ្វើ​កោសល្យវិច័យ និង​តេស្ត​សំណាក របស់​ជនរងគ្រោះ បញ្ជាក់ថា ជនរងគ្រោះ​ទាំង 2 នាក់​នោះ មិនមាន​ការឆ្លង​កូ​វីដ​19 នោះ ក៏បាន​ប្រគល់​សព ទៅ​ឲ្យ​ក្រុមគ្រួសារ​៕