សង្គម

សម្តេចតេជោ ប្រាប់អ្នកលេងហ្វេសប៊ុកឈ្មោះ «Ah July» ឲ្យ​ឈប់បន្លំធ្វើជាកូនសម្តេច និងប្រកាសជួយព្យាបាលជំងឺសរសៃប្រាសាទរបស់គាត់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំទៅកាន់អ្នកលេងហ្វេសប៊ុកមួយរូប ដែលមានគណនីឈ្មោះ «Ah July» ឱ្យឈប់បន្លំធ្វើជាកូនសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តទៅទៀត ដើម្បីចៀសវាងការភ័ន្តច្រឡំ។

ម្ចាស់ហ្វេសប៊ុកឈ្មោះ «Ah July» បានចូលទៅសរសេរក្នុង Comment លើការផ្សាយរបស់សម្តេចតេជោ តាមហ្វេសប៊ុក ដោយបានរៀបរាប់មានចេតនាបង្ហាញថា រូបគេ គឺជាកូនរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

សម្តេចតេជោ ហ៊ុន សែន ក៏បានចូលទៅតបក្នុង Comment នោះ ដោយច្រានចោលការលើករបស់គេ ហើយណែនាំឱ្យរូបគេបញ្ឈប់សកម្មភាពផងដែរ។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ដើម្បីជៀសវាងការភ័ន្តច្រឡំរបស់មហាជនលើការលើកឡើងរបស់ក្មួយដែលលើកឡើងច្រើនដង ហើយហាក់ដូចជាក្មួយនេះជាកូនស្រីរបស់ពូ និងមីងដែលត្រូវបោះបង់ចោលឱ្យនៅខាងក្រៅ។ ពូសូមប្រាប់ទៅក្មួយសូមបញ្ឈប់ចូលមកបន្លំជាកូនពូ និងមីងតទៅទៀត ព្រោះវាជារឿងអគុណធម៌ខ្លាំងណាស់ សម្រាប់ពូ និងមីង ដែលបោះបង់កូនចោលមិនរាប់រក»។

សម្តេចតេជោ បានសរសេរតបទៀតថា «ពេលក្មួយចូលមកក្មួយតែងប្រើរាជស័ព្ទដែលធ្វើឱ្យមានកំហុសបន្ថែមទៀត។ប្រសិនបើជាពូមិនយល់ថា ក្មួយមានជំងឺសរសៃប្រសាទទេ ម្ល៉េះសមពូឱ្យនគរបាលតាមរកក្មួយយូរមកហើយ»។

ក្រៅតែពីការណែនាំបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំលេខទូរស័ព្ទពីម្ចាស់គណនីហ្វេសប៊ុកនេះ ដើម្បីសម្តេចជួយព្យាបាលជំងឺសរសៃប្រសាទរបស់គេផងដែរ។

សម្តេចតេជោ បានសរសេរយ៉ាងដូច្នេះ «ពូ និងមីងអាចជួយព្យាបាលជំងឺសរសៃប្រសាទជូនក្មួយបាន សុំក្មួយផ្តល់លេខទូរស័ព្វមកពូ ឬចេញមកបកស្រាយតាមរយៈខមិននេះថា តើក្មួយជាអ្នកណា? និងកំពុងរស់នៅឯណា?»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានកូនប្រុសស្រីជាចំណងដៃអាពាហ៍ពិពាហ៍ចំនួន ៦នាក់ រួមមាន៖ លោក ហ៊ុន កំសត់ (ស្លាប់ពេលកើតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត), លោក ហ៊ុន ម៉ាណែត, លោកស្រី ហ៊ុន ម៉ាណា, លោក ហ៊ុន ម៉ានិត, លោក ហ៊ុន ម៉ានី និងលោកស្រី ហ៊ុន ម៉ាលី។ បច្ចុប្បន្នសម្តេចតេជោ ហ៊ុន សែន មានចៅសរុបប្រមាណ ២២នាក់៕