តាមសេចក្តីជូនដំណឹងបន្ថែមរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅល្ងាចថ្ងៃម្សិលមិញបានឲ្យដឹងថា ចាប់ពីថ្ងៃទី៦-១១ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ អាកាសធាតុនៅក្នុងប្រទេសកម្ពុជា នឹងមានលក្ខណៈប្រែប្រួល ដោយក្នុងនោះ តំបន់វាលទំនាបអាចប្រឈមនឹងជំនន់ទឹកភ្លៀង Flash Floods នៅខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និងរាជធានីភ្នំពេញ។
សម្រាប់បណ្តាខេត្តនៅតំបន់ខ្ពង់រាបជួរភ្នំដងរែក និងជួរភ្នំក្រវាញ ផ្ទៃមេឃអួរអាប់ មានពពកច្រើន អ័ព្ទផ្សែងមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុងកម្រិតពីបង្គួរ ទៅច្រើន រាយប៉ាយស្ទើរគ្រប់ទីកន្លែង។
តំបន់សមុទ្រវិញ មេឃអាប់អួរ មានពពកច្រើន អ័ព្ទផ្សែងមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរក្នុងកម្រិតពីបង្គួរទៅខ្លាំង និងមានខ្យល់កន្រ្តាក់ មានល្បឿនមធ្យមជាមួយរលកសមុទ្រមានកម្ពស់មធ្យម ក្នុងនោះខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង។
ដោយឡែកនៅតាមបណ្តាកោះ អាចប្រឈមទៅនឹងបាតុភូតរលកព្យុះសមុទ្រ Storm Surge៕