ជនសង្ស័យចំនួន ៥នាក់ ដែល២នាក់ជាអ្នកកត់ឆ្នោត និង៣នាក់ជាអ្នកចាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ពាក់ព័ន្ធនឹងករណីលួចកត់កន្ទុយលេខឆ្នោតវៀតណាម នៅចំណុចផ្ទះលេខ១០២ ក្នុងសង្កាត់ផ្សារដេប៉ូទី៣។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដោយសមត្ថកិច្ចបានទទួលព័ត៌មានថា ទីតាំងផ្ទះពិសី លីហួរ វេលុយនេះ មានបង្កប់ល្បែងស៊ីសង ដោយយកការវេរលុយ ឬដាក់លុយ បាំងភ្នែក អាជ្ញាធរ លួចបើកកត់ឆ្នោតវៀតណាម ហើយមនុស្ស ចេញចូល ជាហូរហែ។
រហូតដល់រសៀលថ្ងៃទី៣១ ខែសីហា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សុំការអនុញ្ញាត ចុះបង្ក្រាបជាក់ស្ដែងតែម្ដង ដោយឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន ៥ នាក់ ក្នុងនោះស្រី ៣ នាក់ និងវត្ថុតាងមួយចំនួន៕