មន្ទីរប្រឆាំងគ្រឿងញៀន(ក១០) បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ដោយមានកិច្ចសហការជាមួយគយ និងរដ្ឋាករប្រចាំឃ្លាំងទំនិញ (CARGO) នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យកញ្ចប់បញ្ញើមិនប្រក្រតី ដែលផ្ញើពីទីក្រុង JOHANNESBURG ប្រទេសអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា តាមរយ:ក្រុមហ៊ុន DHL ហើយបានរកឃើញមានបង្កប់លាក់សារធាតុញៀន(រាវ)ប្រភេទ កេតាមីន( KETAMINE ) ក្នុងដបជរ័ពណ៌ស ម៉ាក ALOE GEL ចំនួន ៦០ដប មានទម្ងន់ ១០គីឡូក្រាម(គិតទាំងសំបក)។
ក្រោយពីការរកឃើញហើយ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបន្តការស៊ើបអង្កេត ដោយអនុវត្តតាមនីតិវិធីប្រគល់ដោយមានការឃ្លាំមើល សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឈានទៅចាប់ខ្លួនមនុស្សចំនួន៤នាក់ ក្នុងនោះមានជនជាតិចិនចំនួន៣នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
មនុស្សទាំង៤នាក់នោះ សមត្ថកិច្ចបានបញ្ជាក់អត្តសញ្ញាណថា ១.ឈ្មោះ ZHANG ZHI QIANG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន E89753382, ២.ឈ្មោះ ឆូយ ប៊ុនវុទ្ធ ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិ ខ្មែរ, ៣.ឈ្មោះ FU XIN MING ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន EE2807074, និង ៤.ឈ្មោះ HU XIAO HUI ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន EE7058599។
បច្ចុបបន្ន ជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕