សង្គម

រថយន្ត ៤គ្រឿង​ បុកបន្តគ្នាលើផ្លូវជាតិលេខ៣ របួសមនុស្ស​៤នាក់

មនុស្ស​ចំនួន​៤នាក់​ត្រូវ​គេ​រាយការណ៍​ថាបានរងរបួស នៅ​ក្នុង​ឧបទ្ធវហេតុរថយន្ត​៤គ្រឿងបុកបន្ត​គ្នា កាលពីរសៀលថ្ងៃទី២៧ ខែសីហា នៅ​លើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤២-១៤៣ ក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

សមត្ថកិច្ចបានឲ្យដឹងថា​ ករណីនេះ រថយន្តកូរ៉េទី១ ទម្ងន់១តោនកន្លះ ពណ៌ខៀវស្លាកលេខ​ កំពង់ស្ពឺ 2A -5526 អ្នកបើកបរឈ្មោះ ញ៉ិល ឡុងឌី ភេទប្រុស អាយុ ២៤ឆ្នាំ​ ទីលំនៅភូមិស្គន់ ឃុំព្រៃក្រសាំង ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ(របួសធ្ងន់២ ស្រាល១) រួមដំណើរ ២នាក់ឈ្មោះ ឈឺន សុភាក់ ភេទប្រុស អាយុ ១៨ឆ្នាំ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ​ នៅភូមិជាមួយគ្នា​ បញ្ជូនទៅមណ្ឌលសុខភាពព្រៃឃ្មុំ។​ រថយន្តនេះ បេីកបរទិសដៅពីត្បូងទៅជើង​ បានរងការរថយន្តខូចខាតធ្ងន់។

ចំពោះរថយន្តទី២ ម៉ាកតូយូតាពណ៌ស​ ពាក់ស្លាកលេខរដ្ឋ​ ៣៦-២ ០០៩៦ ទិសដៅពីជើងទៅត្បូង​ អ្នកបើកបរឈ្មោះ ប៉ែន ចាន់ដារ៉ា ភេទប្រុស អាយុ ៣៧ឆ្នាំ ទីលំនៅភូមិត្រសេកកោង ឃុំថ្មី ស្រុកទឹកឈូ ខេត្កកំពត(របួសស្រាល) បញ្ជូនទៅមណ្ឌលសុខភាពព្រៃឃ្មុំ​ ចំណែករថយន្តខូចខាតធ្ងន់។

ចំណែករថយន្តទី៣ ម៉ាក B1 ក្បាលពណ៌ស ស្លាកលេខភ្នំពេញ 3F-1173 ដឹកអេស្កាវទ័រ​ ទិសដៅពីត្បូងទៅជើង អ្នកបើកបរឈ្មោះ តុង ផាន់ណា ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយ ខេត្តកំពង់ធំ (គ្មានរបួស) រថយន្តខូចខាតផ្នែកខាងមុខ(ធ្ងន់)។ ចំណែករថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាកដឹកអេស្កាវទ័រ​ អ្នកបើកមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីត្បូងទៅជើងបានបើកបន្តដំណើរទៅមុខ តែត្រូវសមត្ថកិច្ចឃាត់បាន។

បច្ចុប្បន្នរថយន្តបង្ករទាំង ៣គ្រឿង ត្រូវបានយទៅរក្សាទុកនៅប៉ុស្ដិ៍ព្រៃឃ្មុំ នឹង១គ្រឿងទៀតរក្សាទុកនៅប៉ុស្តិ៍ព្រៃថ្នង ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕