កាលពីថ្ងៃពុធ (២៥ ខែសីហា) លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងមានការចូលរួមពីអាជ្ញាធរស្រុក និងឃុំ ចុះទៅពិនិត្យទីតាំងគម្រោងវិនិយោគកោះម្នាស់ នៃតំបន់វិស្សមកាលតារាសាគរ ស្ថិតក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ដែលត្រូវបានក្រុមហ៊ុន រាយការណ៍ថា មានការលួចឈូសឆាយដី និងសាងសង់សំណង់ដោយខុសច្បាប់ ហើយក្នុងនោះក្រុមហ៊ុនស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយពីរដ្ឋបាលខេត្ត។
តាមរយៈការចុះពិនិត្យជាក់ស្តែង ក្រុមការងាររកឃើញថា ពិតជាមានការសង់ជាសំណង់ផ្ទះ មានការអារឈើ និងឈូសឆាយដីលើកោះម្នាស់ ដែលស្ថិតក្នុងគម្រោងវិនិយោគ របស់ក្រុមហ៊ុនពិតប្រាកដមែន។
យ៉ាងណាក៏ដោយ ក្រុមការងារកំពុងរៀបចំជារបាយការណ៍រួមមួយ ដើម្បីដាក់ជូនលោកជំទាវអភិបាលខេត្ត ពិនិត្យ និងដោះស្រាយ៕