បើយោងតាមការចុះផ្សាយរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តីឲ្យដឹងថា វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ជាជំនួយរបស់សមាគមជាតិកាកបាទក្រហមចិន ចំនួន១០ម៉ឺនដូស ផ្តល់ជូនកាកបាទក្រហមកម្ពុជា នឹងមកដល់កម្ពុជា នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ។
ពិធីប្រគល់ និងទទួលអំណោយវ៉ាក់សាំង នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង លោក វ៉ាង វិនទៀង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។
សូមជម្រាបថា កំលុងរាតត្បាតជំងឺកូវីដ១៩ នៅលើសកលលោកនេះ ចិនបានផ្តល់អំណោយជាវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងទទួលរាល់ការបញ្ជាទិញរបស់កម្ពុជាជាបន្តបន្ទាប់ ក្នុងនោះ វ៉ាក់សាំងស៊ីណូហ្វាម ៧លាន២សែនដូស ក្នុងនោះ ចំនួន ៤លានដូស រាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញ, វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ១៤,៥ លានដូស ក្នុងនោះ ១០លានដូស ការបញ្ជាដោយរាជរដ្ឋាភិបាលកម្ពុជា៕