សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែសីហា បានប្រាប់ទៅដល់លោកនាយឧត្តមសេនីយ ហុីង ប៊ុនហៀង ក៏ដូចជាលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឲ្យចងចាំថា ការប្រមូលទិញផ្លែមៀនពីកសិករ គឺសំដៅដល់កសិករក្រីក្រដែលដាំមៀនដោយផ្ទាល់ ហើយសម្រាប់ចំការមៀនរបស់មន្រ្តី ទាំងស៊ីវិល ទាំងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញ គឺត្រូវរកទីផ្សារដោយខ្លួនឯង។
សម្តេចបញ្ជាក់ថា សម្តេចអាចបញ្ចាំផ្ទះយកលុយទៅទិញពីកសិករដែលកំពុងជួបការលំបាក តែសម្តេចពុំមានលទ្ធភាពជួយដល់ម្ចាស់ដីដែលមានចំការមៀនច្រើននោះទេ ដូច្នេះសុំការយោគយល់ផង។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាឲ្យលោកនាយឧត្តមសេនីយ ហុីង ប៊ុនហៀង ដឹកនាំកម្លាំងទៅប្រមូលទិញផ្លែមៀនពីកសិករដែលមិនអាចរកទីផ្សារដើម្បីលក់មៀនបាន។
សម្តេចថា នៅពេលប្រមូលទិញបាន សម្តេចនឹងយកផ្លែមៀនទាំងនោះទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ ក៏ដូចជាបងប្អូនដែលកំពុងធ្វើចត្តាឡីស័កទទួលទានដោយមិនគិតថ្លៃ ដោយនេះ គឺជាវិធីដោះទាល់ក្នុងកាលទេសៈដ៏លំបាក កុំឲ្យកសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេក ដោយសម្តេចមិនបានប្រើថវិកាជាតិដើម្បីទិញនោះទេ។
ហើយជាដំណោះសម្រាប់រយៈពេលខាងមុខ គឺ ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាលខេត្តបាត់ដំបង និងប៉ៃលិន ត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករ៕