សង្គម

យប់មិញ រដ្ឋបាលខេត្តស្ទឹងត្រែង សម្រេច​បិទ​ខ្ទប់​ភូមិ​សាស្រ្ត​ក្រុង​ស្ទឹងត្រែង ក្រោយ​មាន​ករណីឆ្លងរាលដាលមេរោគ​កូវីដ១៩ ប្រភេទ​ដែលតា

នៅយប់មិញនេះ រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង បាន​សម្រេចភ្លាមៗធ្វើការ​បិទ​ខ្ទប់​ក្រុង​ស្ទឹងត្រែង​ជា​បណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុង​សហគមន៍ នៃមេរោគ​កូវីដ១៩ ប្រភេទ​ដែលតា។

ការបិទខ្ទប់នេះ គឺមាន​រយៈ​ពេល ៧ថ្ងៃ ដោយ​ផ្តើម​ពី​ម៉ោង ២៣:៥៩នាទី ថ្ងៃទី១៧ ខែសីហា រហូត​ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ​២០២១។

បើតាម​សេចក្តីសម្រេច​របស់រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ភូមិ​សាស្រ្ត​ដែលត្រូវ​បិទខ្ទប់ នឹង​ត្រូវ​អនុវត្តវិធានការហាមឃាត់ រឹតត្បិត ទាក់ទង​នឹង​ការ​ធ្វើដំណើរ​ក្នុង​ភូមិ​សាស្រ្ត​បិទខ្ទប់ និង​ការ​ធ្វើដំណើរ​ចេញចូល ឆ្លង​កាត់​ភូមិ​សាស្រ្ត​ដែលត្រូវ​បានបិទខ្ទប់ ការ​ជួបជុំ ឬការប្រមូលផ្តុំ​មនុស្ស សកម្មភាព​ការងារ មុខរបរ ឬអាជីវកម្ម និង​បម្រាមគោចរ​ជា​ដើម៕