ក្រសួងសុខាភិបាលកាលពីថ្ងៃទី១៦ ខែសីហា បានកំណត់ឲ្យពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តខេត្តចំនួន១៥ ចាំបាច់ត្រូវពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ព្រោះតែខេត្តទាំងនេះត្រូវបានកំណត់ថា គឺជាភូមិសាស្រ្តមានការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងសហគមន៍។
ខេត្តទាំង១៥នោះរួមមាន ៖ ខេត្តពោធិ៍សាត់ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឺងត្រែង កំពត កែប កំពង់ធំ ព្រះវិហារ ប៉ៃលិន កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំ និងខេត្តឧត្តរមានជ័យ។
សម្រាប់ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពនេះ គឺត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។
តើអ្នកណាខ្លះមានកាត្វកិច្ចត្រូវពាក់ម៉ាស់?
យោងតាមប្រកាសរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ បុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស់រួមមាន ៖ បុគ្គលដែលមានវិជ្ជមានកូវីដ១៩, បុគ្គលដែលមានកាតព្វកិច្ចធ្វើចត្តាឡីស័ក, អ្នកបើកបរយានគ្រប់ប្រភេទដែលជាមធ្យោបាយធ្វើដំណើររួម, អ្នកដំណើរតាមមធ្យោបាយធ្វើដំណើរួម, អ្នកផ្តល់សេវាផ្ទាល់ដល់អតិថិជន, បុគ្គលផ្សេងទៀតដែលកំពុងស្ថិតនៅតាមទីសាធារណៈដែលមានមនុស្សច្រើន ឬទីកន្លែងដែលមានការជួបជុំមនុស្សចាប់ពី២នាក់ឡើងទៅ។
យ៉ាងណាក៏ដោយ កាតព្វកិច្ចនេះក៏ត្រូវលើកលែងផងដែរចំពោះ កុមារអាយុក្រោម៦ឆ្នាំ ដែលមិនមែនជាបុគ្គលដែលមានវិជ្ជមានកូវីដ១៩ ឬជាបុគ្គលដែលមានកាតព្វកិច្ចធ្វើចត្តាឡីស័ក, បុគ្គលដែលមិនអាចពាក់ម៉ាស់បានដោយមូលហេតុកាយសម្បទា, បុគ្គលដែលរស់នៅក្នុងលំនៅឋានឯកជនជាមួយគ្នា, ក្នុងអំឡុងពេលធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរឯកជនបិទជិតតែម្នាក់ឯង ឬជាមួយបុគ្គលដែលរស់នៅក្នុងលំនៅឋានជាមួយគ្នា, សម្រាប់កីឡាករ-កីឡាការិនីក្នុងអំឡុងពេលកំពុងហាត់សម ឬប្រកួត, ក្នុងកាលៈទេសៈដែលមានការតម្រូវឲ្យដោះម៉ាស់ជាចាំបាច់ ដូចជាដើម្បីបង្ហាញអត្តសញ្ញាណបុគ្គល ពេលបរិភោគអាហារ ឬនៅពេលថតរូបសម្រាប់ប្រើប្រាស់ដើម្បីសម្គាល់អត្តសញ្ញាណក្នុងឯកសារផ្លូវការ។