នៅថ្ងៃទី១៣ ខែសីហានេះ ព្រំដែនប្រទេសកម្ពុជា ជាមួយប្រទេសថៃ នឹងបើកឡើងវិញហើយ ក្រោយពីបានបិទអស់រយៈពេល១៤ថ្ងៃ ជាវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ប្រភេទដែលតា។
យោងតាមលិខិតរបស់អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ផ្ញើជូនអភិបាលខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី១២ ខែសីហា ថាវិធានការបិទខ្ទប់ខេត្តជាប់ព្រំដែនរយៈពេល១៤ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទ “ដែលតា” (Delta) បានបញ្ចប់ហើយកាលពីវេលាម៉ោង២៣និង៥៩នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
ជាមួយនឹងការបើកព្រំដែនឡើងវិញនេះ អាជ្ញាធរខេត្តជាប់ព្រំដែន ក៏បានរៀបចំកម្លាំងចម្រុះ ក៏ដូចជាមន្រ្តីសុខាភិបាល ក្នុងការយកសំណាក និងពិនិត្យសុខភាពរបស់ពលករខ្មែរ ដែលនឹងវិលត្រឡប់ចូលប្រទេសវិញផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកក្កដា រដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់ខេត្តចំនួន៨ ដែលរួមមាន ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប ក្នុងនោះក៏មានការបិទព្រំដែនជាមួយប្រទេសថៃ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ កក្កដារហូតដល់ថ្ងៃទី១២ សីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការនាំចូលមេរោគកូវីដ១៩បំប្លែងថ្មីឈ្មោះដែលតាចូលទៅក្នុងសហគមន៍។
កាលពីថ្ងៃទី១១ ខែសីហា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសមួយដោយមិនបន្តអនុវត្តវិធានការបិទខ្ទប់ខេត្តជាប់ព្រំដែនចំនួន៧ និងខេត្តសៀមរាប ទៀតនោះទេ។ ប៉ុន្តែរដ្ឋាភិបាលបានបន្តអនុវត្ត «យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩» នៅទូទាំងប្រទេស រយៈពេល៧ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី១៩ ខែសីហា៕