ជីវិតកម្សាន្ត

ក្រសួងទេសចរណ៍បន្ត​បិទរមណីយដ្ឋានទេសចរណ៍​ទូទាំងប្រទេស​រយៈ​ពេល ៧ថ្ងៃទៀត

ក្នុងលិខិត​ផ្ញើជូនទៅប្រធានមន្ទីរទេសចរណ៍ទូទាំងប្រទេសនៅថ្ងៃនេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍​កម្ពុជា បានប្រាប់​ឲ្យ​មន្ទីរទេសចរណ៍ទាំងអស់ បន្ត​ផ្អាក​សកម្មភាពរមណីយដ្ឋាន​ទេសចរណ៍​នៅទូទាំង​ប្រទេស​ជា​បណ្តោះអាសន្ន​រយៈ​ពេល​៧ថ្ងៃ រហូត​ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០២១ ដើម្បីបន្ត​អនុវត្ត​យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និង​ទប់ស្កាត់ការឆ្លង​រាលដាល នៃជំងឺកូវីដ១៩។

ទន្ទឹមនឹងនេះ មន្ទីរទេសចរណ៍​រាជធានីខេត្ត​ទាំងអស់ ត្រូវ​ចាត់តាំង​ក្រុមការងារដើម្បី​តាមដាន ត្រួតពិនិត្យ​កិច្ច​ការ​នេះ​ឲ្យ​បាន​ម៉ត់ចត់ ដោយ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មានសកម្មភាពទេសចរណ៍​ណាមួយ​នៅ​តាម​រមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និង​កន្លែង​ដែលមាន​សក្តានុពល​ទេសចរណ៍​ដែលមាននៅ​ក្នុង​មូលដ្ឋានរបស់ខ្លួន ក្នុង​រយៈ​ពេល នៃការ​បន្ត​ផ្អាក​ជា​បណ្តោះអាសន្ន​នេះជា​ដាច់ខាត៕