សង្គម

ម្ចាស់ហាងផ្ទះឈើម្ហូបខ្មែរថៃ​ចំនួន​ ២នាក់ និងភ្ញៀវចំនួន​ ៨នាក់ ត្រូវ​បញ្ជូនទៅតុលាការ ករណីល្មើសបម្រាមគោចរ

នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ​២០២១នេះ ម្ចាស់ហាង​ផ្ទះឈើម្ហូបខ្មែរថៃចំនួន២នាក់ រួម​ជាមួយ​ភ្ញៀវចំនួន៨នាក់ទៀត ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌមានជ័យ​បញ្ជូនទៅកាន់សាលាដំបូង​រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីល្មើស​បម្រាមគោចរ ដែលបានដាក់ចេញដោយ​អាជ្ញាធរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។

សូមបញ្ជាក់​ថា កាលពី​យប់ ថ្ងៃទី​១០ ខែសីហា ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ទទួលបាន​ខំ​មិន ពី​ប្រជាពលរដ្ឋ ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ទាក់ទង​ទៅនឹង​ហាង មួយកន្លែង ឈ្មោះ ” ផ្ទះ​ឈើ​ម្ហូប​ខ្មែរ ថៃ ” នៅ​សង្កាត់​ស្ទឹង មានជ័យ​២ ខណ្ឌមានជ័យ ដែល​បើកហាង ល្មើស​នឹង​បម្រាម​គោចរ​។

​ភ្លាមៗ​នោះ កម្លាំង​គណៈបញ្ជាការ​ឯកភាព ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ម៉េង វិមាន​តារា អធិការនគរបាល ខណ្ឌមានជ័យ លោក​អភិបាលរង ខណ្ឌមានជ័យ បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប និង​បិទ​ទីតាំង​ល្មើស ដោយ​ឃាត់ខ្លួន បាន​មនុស្ស​សរុប​ចំនួន ១៤ នាក់​។ រួមមាន ម្ចាស់​ហាង​ម្នាក់ ស្រី បុគ្គលិក ៤ ស្រី និង​ភ្ញៀវ​ចំនួន ៩ នាក់​ប្រុស​៕