សង្គម

សូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ លាយ​ឡំនិងខ្យល់កន្រ្តាក់ ពីថ្ងៃទី១១-១៧ សីហា

តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រលឹមថ្ងៃទី១០ ខែសីហានេះ បានឲ្យដឹងថា បច្ចុប្បន្ន​នេះ ព្រះរាជាណាចក្រកម្ពុជា​កំពុងទទួល​ឥទ្ធិពលពីខ្យល់មូសុងនិរតីខ្សោយ ក្នុងនោះ នៅថ្ងៃតី១១-១២ ខែសីហា កម្ពុជាក៏ទទួលរង​ឥទ្ធិពលពីជ្រលងសម្ពាធទាបពីប្រទេសចិន ហើយនៅថ្ងៃទី១៣-១៦ សីហា កម្ពុជា​ក៏​ទទួល​ឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និង​អូស​បន្លាយ​លើភាគ​ខាងជើង​ប្រទេស​មីយ៉ាន់ម៉ា ថៃ ឡាវ និងវៀតណាម។

ស្ថានភាពបែបនេះ នឹងធ្វើ​ឲ្យ បណ្តា​ខេត្ត​នៅ​តំបន់ទំនាប​កណ្តាល អាចនឹងមានភ្លៀងក្នុងកម្រិត​ពី​តិច​ទៅបង្គួរ លាយ​ឡំ ផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់ ក្នុងនោះ​ក៏​នឹងមានផ្នែកខ្លះ នៃបណ្តា​ខេត្ត​នៅ​ភាគ​កណ្តាល និង​ភាគ​ខាងត្បូង​អាចមានភ្លៀងធ្លាក់ច្រើន។

សម្រាប់បណ្តា​ខេត្ត​ជាប់ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន អាចនឹង​មានភ្លៀងក្នុងកម្រិតពីតិច ទៅបង្គួរ។

ដោយឡែកតំបន់មាត់សមុទ្រវិញ អាចនឹង​មាន​ភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យម ទៅបង្គួរ៕