សង្គម

អាជ្ញាធរជួយមើលផង! វង់អាប៉ោងមួយ​នៅឃុំពោអង្រ្កង ស្រុកបសេដ្ឋ បើកលេងមិនខ្លាចកូវីដ ចាក់ភ្នាល់សុទ្ធតែរាប់ពាន់ដុល្លារ

បើយោង​តាម​សេចក្តី​រាយការណ៍​របស់​ប្រជាពលរដ្ឋរស់នៅឃុំពោអង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានឲ្យ​ដឹងថា វង់អាប៉ោងដុះស្លែមួយ​កន្លែង​នៅភូមិពោ បានបើក​លេង​តាំងពីព្រលឹម ទល់ព្រលប់ មានការ​ជួប​ជុំ​មនុស្ស​កកកុញ​ដោយមិនស្តាប់​បំរាម ស្តីពីការ​រីករាលដាល​ជំងឺកូវីដ១៩ ខណៈ​ដែល​គេ​មិន​ឃើញ​អាជ្ញាធរ​ចុះ​ទៅបង្រ្កាបនោះទេ។

តាមការលើកឡើងរបស់ពលរដ្ឋថា វង់អាប៉ោងនេះលេងចាក់ភ្នាល់ធំៗណាស់ គឺរាប់ពាន់ដុល្លារ ហើយក្នុងបរិវេនទីតាំងមានលក់ស្រាបៀរ និងគ្រឿងក្លែមគ្រប់មុខទៀត ។ ពលរដ្ឋថា ការ​ដែល​គេ​ហ៊ានធ្វើបែបនេះ ក៏​ព្រោះម្ចាស់ទីតាំងល្បែងមានអ្នកកាងធំៗណាស់ ដោយ​សមត្ថកិច្ច​ល្មមៗ​មិនហ៊ានបង្ក្រាបឡើយ។

ពាក់ពន្ធ័ករណីខាងលើនេះ លោក ខាន់ ស៊ុន នាយប៉ុស្តិ៍នគរបាលឃុំពោអង្ក្រង បានថ្លែងថា លោកដឹងច្បាស់ណាស់ពិតជាមានវង់អាប៉ោងនៅទីតាំងខាងលើមែន តែលោកពិបាកក្នុងការបង្ក្រាប ព្រោះដូចវែកចកអញ្ចឹង។

ចំណែកលោក កៅ សុធារឹទ្ធ មេឃុំពោអង្ក្រង បានថ្លែងថា រឿងល្បែងអាប៉ោងនៅចំនុចខាងលើ លោកបានបញ្ជាកំលាំងបង្ក្រាឆ្អែតហើយ តែអ្នកលេងនឹងមិនរៀងសោះ។

បើតាមការលើក​ឡើងរបស់លោកមេឃុំ​ពោអង្រ្កង ក៏​ដូចជាលោកនាយកប៉ុស្តិ៍ បានបញ្ជាក់ច្បាស់ណាស់ថា ម្ចាស់ទីតាំងនេះមិនខ្លាចអាជ្ញាធរ​ថ្នាក់ក្រោមនោះទេ ដែលប្រហែលដូចពលរដ្ឋលើកឡើងមែនហើយថា គេច្បាស់ជាខ្នងបង្អែកនៅពីក្រោយ តែយ៉ាងណា ពលរដ្ឋ​នៅតែសង្ឃឹមថា អាជ្ញាធរ​ថ្នាក់លើ​នឹង​ចាត់វិធានការទីតាំងមួយ​នេះ ហើយវែកមុខ​អ្នក​នៅ​ពីក្រោយខ្នងនោះ​យក​មក​ផ្តន្ទា​ទោស​ផង៕