សង្គម

វ៉ាក់សាំង AstraZeneca ជំនួយរបស់ជប៉ុនចំនួន ៦៦៨,០០០ដូសទៀត ដឹកមកដល់កម្ពុជាកាលពីយប់មិញ

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ AstraZeneca ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនចំនួន ៦៦៨,០០០ដូសទៀត បានដឹកមកដល់កម្ពុជា នៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។

វ៉ាក់សាំងដែលដឹកមកកម្ពុជា​កាលពីយប់មិញនេះ គឺជាជើងលើកទី២ និងជាចំនួនបង្គ្រប់ចំនួន ១លានដូស ដែល​រាជរដ្ឋាភិបាល​ជប៉ុន​បានប្រកាស​ផ្តល់​មក​ដល់​កម្ពុជា ខណៈជើងទី១ បានដឹកមកដល់កាលពីថ្ងៃទី២៣ ខែកក្កដា ក្នុងចំនួន ៣៣២,០០០ដូស។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា​បាន​លើក​ឡើងថា ជប៉ុន គឺជាប្រទេសមួយដែលបានរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ ការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដូស នេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។

ជំនួយវ៉ាក់សាំងនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួន របស់ប្រជាជនកម្ពុជា៕