សង្គម

ពលករខ្មែរជាង២រយនាក់ កំពុងជាប់នៅតាមព្រំដែនកម្ពុជា-ថៃ ខេត្តសាកែវ និង​ស្រុកថ្មពួក

លោក អែម សុខា អភិបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ឲ្យដឹងថា មានបងប្អូនពលករខ្មែរ ចំនួន២១៦ នាក់ ដែលបានធ្វើដំណើរពីខេត្តផ្សេងៗ ក្នុងប្រទេសថៃ មានបំណងចង់វិលត្រឡប់ទៅកម្ពុជាវិញ កំពុងជាប់នៅតាមព្រំដែនកម្ពុជា-ថៃ ស្ថិតនៅស្រុកតាប្រាយ៉ា ខេត្តសាកែវ ទល់នឹងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកថា ដោយ​សារខេត្តបន្ទាយមានជ័យ កំពុងស្ថិតក្រោមការបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីត-១៩ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធទាំងកម្ពុជា-ថៃ ដឹកពួកគាត់ទៅកន្លែងដែលមានសុវត្ថិភាព និងជួយរៀបចំកន្លែងស្នាក់​នៅបណ្ដោះអាសន្ន ។

ដោយ​ឡែកបើតាមលោក ស្វាយ ជា អភិបាលស្តីទីស្រុកម៉ាឡៃ វិញបាន​ឲ្យដឹងថា កាលពីថ្ងៃទី៤ សីហា មានបងប្អូនពលករចូលដល់ព្រំដែនប្រមាណ៨០នាក់ តែអាជ្ញាធរមិនទាន់ អនុញ្ញាតិឲ្យចូលមកកម្ពុជាយើងឡើយ។ ក្នុងនោះក្រុមការងារចំរុះដែលប្រចាំការនៅទីនោះ បានផ្តល់ជា តង់ដេក អង្ករ រួមនឹងគ្រឿងឧបភោគបរិភោគ ជូនដល់ពួកគាត់សម្រាប់ដោះស្រាយមួយរយៈ ទម្រាំយើងទទួលបានបទបញ្ជារឲ្យបើកព្រំដែនវិញ។

សូមបញ្ជាក់ថា កាលពីសប្តាហ៍មុននេះ កម្ពុជាបានសម្រេច​ធ្វើការ​បិទច្រកព្រំដែនជាមួយប្រទេសថៃរយៈ​ពេល​២សប្តាហ៍ ដើម្បីជាវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បម្លែងខ្លួនថ្មីDelta៕