សង្គម

មានក្រុមហ៊ុនចំនួន១០ បានចុះ​បញ្ជី​ក្នុង​ការ​នាំវ៉ាក់សាំង​កូវីដ១៩ ចូល​មក​កម្ពុជា

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោកឧកញ៉ា លឹម ហេង បាន​ឲ្យដឹងនៅថ្ងៃពុធនេះថា មានក្រុមហ៊ុន​ប្រមាណជា១០​ក្រុមហ៊ុនហើយ​ បានមកចុះបញ្ជី​ក្នុង​ការ​នាំចូលវ៉ាក់សាំង​ការពារជំងឺ​កូវីដ-១៩ មក​ក្នុងប្រទេសកម្ពុជា​។

បើតាម​លោកឧកញ៉ាថា ​វិស័យឯកជន​នឹងនាំចូលវ៉ាក់សាំង​ការពារ​ជំងឺកូវី-១៩ជា​ច្រើនប្រភេទ ​ក្នុងពេលឆាប់ៗនេះ ​ដែលអាចចាក់បាន​ទៅលើកុមារ​ចាប់ពីអាយុ១២ឆ្នាំ​ ឡើងទៅ ​។

សូមបញ្ជាក់ថា កាលពីថ្ងៃទី​២៧ ​ខែកក្កដាកន្លងទៅ​ ក្រសួង​សុខាភិបាល​​បានអនុញ្ញាត​ឲ្យគ្រឹះស្ថាន​អាហរ័ណ​ នីហរ័ណ​ឱសថ ​ដែលទទួលបាន​ការអនុញ្ញាត​ពីក្រសួង​សុខាភិបាល ​អាចធ្វើការ​ស្នើសុំ​នាំចូល​វ៉ាក់សាំង​ការពារ​កូវីដ-១៩ ​ដែលបានទទួល​ស្គាល់ដោយអង្គការ​សុខភាព​ពិភពលោក​។​

ការអនុញ្ញាត​ឲ្យវិស័យឯកជន​នាំវ៉ាក់សាំង​កូវីដ-១៩​ ចូលនេះ ​គឺដើម្បី​ចែកចាយ​ចាក់តាមទីកន្លែង​ផ្តល់សេវា​សុខាភិបាល​ឯកជន​ស្របច្បាប់​ក្នុងក្របខណ្ឌ​ទូទាំងប្រទេស​ ដោយមានលក្ខខណ្ឌ​ប្រតិបត្តិ​ឲ្យបានត្រឹមត្រូវ​តាមស្តង់ដារ​បច្ចេកទេស​ក្នុងការដឹក​ជញ្ជូន​ ការថែរក្សា ​និងការស្តុក​វ៉ាក់សាំង​កូវីដ-១៩​ នៅក្នុងឃ្លាំង​ ដើម្បី​ធានាឲ្យ​បាននូវសុវត្ថិភាព​ និងប្រសិទ្ធភាពខ្ពស់​៕