អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបញ្ជាក់ថា ក្រសួងអប់រំ គ្រោងបើកសាលារៀនឡើងវិញ ចាប់ពីអនុវិទ្យាល័យឡើង សម្រាប់បវេសនកាល ២០២១ -២០២២ នៅខែកញ្ញា ឬខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ក្រោយពីកុមារដែលមានអាយុពី១២ ដល់ក្រោម១៨ឆ្នាំ ទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ១៩គ្រប់គ្នា។
យោងតាមតួលេខផ្លូវការរបស់អនុគណៈកម្មការ តាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្របខណ្ឌទូទាំងប្រទេស បានបង្ហាញថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ មាន ចំនួន ៧៤,៨៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ ឆ្នាំ ទៅក្រោម១៨ឆ្នាំ មាន ៦,៣១% ធៀបជា មួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១នាក់៕