សង្គម

ម្សិលមិញរកឃើញ ៣៦ករណី បុគ្គលិកសុខាភិបាល៨នាក់ និងអ្នក​ភូមិ​២៨នាក់

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៤ សីហានេះ បាន​បញ្ជាក់ថា កាលពីថ្ងៃទី៣ សីហា គេបានរកឃើញ​ករណីឆ្លង​វីរុស​កូវីដ១៩ ដែល​បំប្លែងថ្មី​ប្រភេទ Delta ចំនួន ៣៦ករណី ដោយ​ក្នុង​នោះ​មាន​បុគ្គលិក​សុខាភិបាល​ចំនួន ៨នាក់ និងអ្នក​ភូមិ​ក្នុង​សហគមន៍​ចំនួន ២៨នាក់។

យោង​តាម​ការ​បញ្ជាក់របស់ក្រសួងសុខាភិបាល ករណីវីរុស​ដែលតា​ដែល​បានរកឃើញនេះ នៅរាជធានីភ្នំពេញ​មាន​ចំនួន ៥នាក់ ដែលជា​បុគ្គលិកសុខាភិបាល, ខេត្ត​ឧត្តរមានជ័យចំនួន ៩នាក់ ក្នុងនោះ បុគ្គលិកសុខាភិបាល២នាក់ និង​អ្នក​ភូមិ​នៅ​ក្រុង​សំរោង និង​ស្រុកត្រពាំងប្រាសាទ​ចំនួន ៧នាក់។

ខេត្តសៀមរាប រកឃើញ ១៨នាក់ ក្នុងនោះ​បុគ្គលិកសុខាភិបាល ១នាក់ និង​អ្នក​ភូមិ នៃស្រុក​អង្គជុំ សូទ្រនិគម និងស្រុកសៀមរាប ចំនួន១៧នាក់។

ខេត្តកំពង់ធំ រកឃើញ ៤នាក់ ក្នុងនោះ ២នាក់ ជាអ្នក​ប៉ះពាល់ជាមួយ​កម្មករ​លើកជ័រ​នៅ​ខេត្ត​ឧត្តរមានជ័យ ដែលធ្លាប់ប៉ះពាល់ជាមួយកម្មករ​មក​ពីថៃ រស់នៅស្រុកប្រាសាទបល្ល័ង្គ និង ២នាក់ទៀត ជាអ្នក​ភូមិត្បែង ស្រុកកំពង់ស្វាយ។

សូម​បញ្ជាក់ថា គិត​ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២១ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ​២០២១ កម្ពុជា​បានរកឃើញ​អ្នក​មាន​វិជ្ជមាន​វីរុស​កូវីដ១៩ ប្រភេទដែលតា លើពលករត្រឡប់មក​ពីប្រទេស​ថៃ អ្នក​ដំណើរ​មក​តាមយន្តហោះ បុគ្គលិកសុខាភិបាល និង​អ្នក​ភូមិ​នៅ​ក្នុង​សហគមន៍ សរុបចំនួន ២៦០នាក់ហើយ៕