សង្គម

ក្រសួងសុខាភិបាលបញ្ជាក់ថា វីរុសកូវីដ១៩បំប្លែងថ្មីប្រភេទដែលតា មិនឆ្លងតាមខ្យល់ អាកាសនោះឡើយ

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា វីរុសបំប្លែងថ្មីប្រភេទដែលតា (Delta)គឺមិនឆ្លងតាមខ្យល់ឱកាសនោះឡើយ បើទោះបីជាលទ្ធភាពរបស់វីរុសនេះ ឆ្លងលឿនក៏ដោយ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសប្រគល់រថយន្ដសម្រាប់ដឹកវ៉ាក់សាំង ដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត កាលពីថ្ងៃម្សិលមិញ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ទោះបីជា វីរុសបំប្លែងថ្មីដែលតា មានលទ្ធភាពឆ្លងលឿនទៅកាន់បុគ្គលផ្សេងទៀតក៏ពិតមែន ប៉ុន្តែសភាពនៃការឆ្លង ក៏មិនខុសពី វីរុសប្រភេទផ្សេងឡើយ ព្រោះគ្រប់ ប្រភេទវីរុសកូវីដ១៩ទាំងអស់ គឺឆ្លងតាមដំណក់ ទឹកមាត់ ដែលខ្ទាតចេញពីមាត់អ្នក ដែលផ្ទុកវីរុសនេះ។ ដោយហេតុនេះលោកជំទាវ បានច្រានចោលទាំងស្រុងចំពោះ ការចែកចាយថា វីរុសកូវីដ១៩ ប្រភេទដែលតា ឆ្លងតាមខ្យល់អាកាស។

លោកជំទាវបញ្ជាក់ថា ដំណក់ទឹកមាត់តូចៗ ដែលបានធ្លាក់ចេញពីមាត់អ្នកដែលផ្ទុក កូវីដនោះ អាចខ្ទាតទៅមនុស្សមួយទៀតក្នុងចម្ងាយប្រមាណ ១ម៉ែត្រ នោះលទ្ធភាព របស់វីរុសនេះ នឹងអាចចម្លងទៅមនុស្សផ្សេងទៀតបានយ៉ាងលឿន ពិសេសពពួកបំប្លែងថ្មីដែលតា នេះតែម្តង។

លោកជំទាវបាន អំពាវនាវដល់ពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាទទួលខុសត្រូវខ្ពស់ ក្នុងការការពារ ការចម្លងវីរុសកូវីដ-១៩ ទោះជាប្រភេទណាក៏ដោយ ត្រូវតែអនុវត្តវិធានសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បីសុខភាពខ្លួន សុខភាពគ្រួសារ និងសហគមន៍មានសុវត្ថិភាព ហើយបើគ្មានការចាំបាច់សូមកុំ ធ្វើ ដំណើរចល័តពីកន្លែងមួយទៅកន្លែងទៀត៕