សង្គម

ឥទ្ធិពលខ្សោយ​ពីជ្រលងប្រព័ន្ធសម្ពាធទាប នឹង​ធ្វើ​ឲ្យកម្ពុជាមាន​ភ្លៀងធ្លាក់​និងខ្យល់កន្រ្តាក់ ក្រសួងស្នើ​ប្រជាពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន

យោង​តាម​ការ​ជូនដំណឹង​របស់ក្រសួងធនធានទឹក និង​ឧតុនិយម ចេញ​ផ្សាយ​នៅព្រឹក​ថ្ងៃទី៣ ខែសីហា ឆ្នាំ​២០២១នេះ បាន​ឲ្យដឹងថា ពេលនេះ ព្រះរាជាណាចក្រកម្ពុជា កំពុងទទួល​ឥទ្ធិពលខ្សោយ​ពីជ្រលង នៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និង​អូសបន្លាយ​លើ​ភាគ​ខាង​ជើង​ប្រទេស​មីយ៉ាន់ម៉ា ឡាវ និង​វៀតណាម ហើយ​ជាមួយ​គ្នា​នោះ ខ្យល់​មូសុងនិរតីបក់​ក្នុង​ល្បឿន​ពីមធ្យម ទៅបង្គួរ។

ស្ថានភាពបែបនេះ នឹងធ្វើ​ឲ្យ​បណ្តាខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល ដូចជា​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ និង​ភាគ​ខាងត្បូង អាចនឹង​មាន​ភ្លៀងក្នុងកម្រិត​ពីខ្សោយ ទៅមធ្យម និង​បណ្តា​ខេត្តដទៃ​ទៀត​ អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពីតិច​ទៅបង្គួរ លាយ​ឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់។

សម្រាប់បណ្តា​ខេត្ត​ជាប់ជួរ​ភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀង​ក្នុង​កម្រិត​ពីតិច ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់។

ដោយ​ឡែក​តំបន់មាត់សមុទ្រវិញ អាចនឹង​មាន​ភ្លៀងធ្លាក់ក្នុងកម្រិត​ពីមធ្យម ទៅបង្គួរ, នៅ​លើ​ផ្ទៃសមុទ្រ នឹង​អាច​មាន​ភ្លៀង​លាយឡំខ្យល់បក់ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់៕