លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប កាលពីថ្ងៃអាទិត្យ (១ សីហា) បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយសុំយោបល់ពីមហាជន រឿង ក្រាលកន្ទេលពីសំណាក់អាជីវករមួយចំនួន តាមបណ្ដោយឆ្នេរសមុទ្រ ដោយលោកបានលើកឡើងជាសំណួរថា តេីយេីងគួរបន្តឲ្យមានស្ថានភាពរបៀបនេះបន្តទៀត រឺយ៉ាងណា?
លោកបានសរសេរថា “ជាយូរលង់ណាស់មកហើយមានការក្រាលកន្ទេលពីសំណាក់អាជីវករមួយចំនួនតាមបណ្ដោយឆ្នេរសមុទ្រសាធារណៈក្នុងខេត្តកែបដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ដេីម្បីរក្សាបាននូវសណ្តាប់សាធារណៈតេីយេីងគួរបន្តអោយមានស្ថានភាពរបៀបនេះបន្តទៀតរឺយ៉ាងណា? សុំយោបល់បងប្អូនម្នាក់មួយមក ៖ A មិនព្រម B ព្រម ។”
ក្រោយការលើកឡើងនេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋជាច្រើនបានចូលរួមសម្តែងមិត ដោយខ្លះបានគាំទ្រ និងខ្លះមិនគាំទ្រ ដោយប្រជាពលរដ្ឋខ្លះបានទាមទារឱ្យអភិបាលខេត្តរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ នៅតាមឆ្នេរកែបនេះ។
ចំណែកពលរដ្ឋខ្មែរទៀត ថ្លែងថា ការលក់ដូររបស់ពួកគាត់ក៏អាចជួយសម្រួលជីវភាពគ្រួសារប្រចាំថ្ងៃរបស់គាត់ដែរ ប៉ុន្តែសូមអោយខាងរដ្ឋបាលខេត្តកែប ជួយសម្រួលអោយមានសណ្តាប់ធ្នាប់ក្នុងការលក់ដូរ ជាពិសេសគឺអោយពួកគាត់លក់ដូរក្នុងតម្លៃសមរម្យ៕