សង្គម

អភិបាលរាជធានីភ្នំពេញ ប្រកាសដាក់ពិន័យ​ធ្ងន់ធ្ងរ ចំពោះអ្នក​ល្មើស​បំរាមគោចរ

ក្នុងឱកាសចុះពិនិត្យ​ការ​អនុវត្ត​បំរាម​គោចរក្នុង​ភូមិ​សាស្រ្ត​រាជធានីភ្នំពេញ​កាលពីយប់មិញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប្រកាសចាត់វិធានការ​ពិន័យ​ធ្ងន់ធ្ងរ​បំផុត​ដោយ​មិន​អាច​លើក​លែង​ ចំពោះអ្នក​ល្មើស​នឹង​បំរាម​គោចរដែលបានដាក់ចេញ​ដោយ​អាជ្ញាធរ ដើម្បីទប់ស្កាត់ការ​ឆ្លង​រាលដាលជំងឺកូវីដ១៩។

លោក ​ឃួ​ង ស្រេង​ បានបញ្ជាក់​ថា ការ​អនុវត្ត​នូវ​វិធានការ ដោយ​បិទ​បំរាម​គោចរ​ខាងលើ​នេះ​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ​ពិសេស​កូ​វី​ដ បំ​លែង​ថ្មី​ដែល​តា ។​ លោក​បន្ត​ថា​ ដោយ​គិត​ពី​សុខ​ភាព​និង​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន ​បាន​ចេញ​សេចក្តីសម្រេច បិទ​ខ្ទប់​ខេត្ត​ចំនួន​៨​រួច​ហើយ ដើម្បី​កុំ​ឲ្យ​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​បំ​លែង​ថ្មី​នេះ​។​ ទន្ទឹម​នឹង​នេះ ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ក៏​បាន​សម្រេច​បិទ​បំរាម​គោចរ​ចាប់ពី​ម៉ោង ០៩​យប់​ដល់​ម៉ោង​៣​ភ្លឺ​ផង​ដែរ ដើម្បី​រក្សា​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​ខណៈ​ដែល​ជំងឺ​នេះ​បាន​និង​កំពុង​រីក​រាល​ដល់​យ៉ាង​ខ្លាំង គួរ​ឲ្យ​ព្រួយបារម្ភ​។

លោក​ឃួ​ង ស្រេង​ ក៏​បាន​បញ្ជាក់​ថា ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ល្មើស​នឹង​បម្រាម​នេះ​នឹង​ត្រូវ​ផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ​បំផុត ដោយ​សម្រាប់​ម៉ូតូ គឺ​ត្រូវ​ផាកពិន័យ​ចំនួន​២០​ម៉ឺន​រៀល ​។ ចំណែកឯ​រថយន្ត​ត្រូវ​ផាកពិន័យ​ចំនួន​១ លាន​រៀល ហើយ​គោលដៅ​ដែល​ដាក់​ត្រួតពិនិត្យ​ក្នុង​១​ខណ្ឌ​ៗ មាន​ចំនួន​២​គោលដៅ​សរុប​១៤​ខណ្ឌ​ស្មើនឹង​២៨​គោលដៅ ។​ ប៉ុន្តែ​អាច​មាន​ចំនួន​លើស​ពី​នេះ ដោយ​ខណ្ឌ​នីមួយ​ៗ មាន​បន្ថែម​បន្ថែម​គោលដៅ​ទៀត​។

គួរ​បញ្ជាក់ថា អាជ្ញាធរ​រាជធានីភ្នំពេញ​កាលពីថ្ងៃទី២៩ ខែកក្កដា បាន​ដាក់ចេញនូវ​វិធានការ​រដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លង​រាលដាល នៃជំងឺកូវីដ១៩ ដោយ​ក្នុង​នោះ ក៏​មានការ​ដាក់បំរាមគោចរ ពីម៉ោង​៩យប់ ដល់ម៉ោង៣ភ្លឺ ចាប់ផ្តើមពី​ថ្ងៃទី៣០ ខែកក្កដា រហូត​ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ​២០២១៕