សង្គម

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ៖ ​វីរុស​បំប្លែងថ្មី Delta ឆ្លង​ចូលសហគមន៍​ខ្លះៗហើយ

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសនាំយកថវិការបស់សម្ដេចតេជោ ប្រគល់ជូនដល់លោកតា អាយុ១០០ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា កាលពីមុនគេបានរកឃើញមេរោគ​កូវីដ១៩​ប្រភេទដែលតា ក្នុងចំណោមពលករ ដែលធ្វើដំណើរឆ្លងចូលតាមច្រកព្រំដែន កម្ពុជា-ថៃ និងតាមផ្លូវ អាកាស, ប៉ុន្តែនៅក្នុងបរិបទថ្មីៗនេះ គេ​បានរកឃើញវីរុសនោះ បោះជំហានឆ្លងចូលសហគមន៍ខ្លះរួចទៅហើយ ដែលបានឆ្លងពីពលករទៅបុគ្គលដែលរស់នៅក្នុងខេត្តឧត្តរមានជ័យ កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ និងខេត្តព្រះវិហារ។

លោកជំទាវបន្តថា ដោយផ្អែកតាមស្ថានភាពនេះ ប្រមុខរាជរដ្ឋាភិបាល បានចេញនូវសារាចរណែនាំ ទៅដល់អភិបាលរាជធានី-ខេត្ត បង្កើនការត្រួតពិនិត្យសុខភាពពលករដែលវិលត្រឡប់ចូលកម្ពុជា រួមជាមួយនឹងវិធានការបិទខ្ទប់នៅ តាមភូមិសាស្រ្តខេត្តមួយចំនួន ដើម្បីកុំឱ្យវីរុសពពួកដែលតានេះ មានលទ្ធភាពចម្លងទៅភូមិសាស្រ្តដ៏ទៃ ទៀត តាមរយៈការធ្វើដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយរបស់ប្រជាពលរដ្ឋ។

ជាមួយ​គ្នា​នេះ លោកជំទាវក៏​អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវស្មារតី ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទាំងអស់គ្នា ដើម្បីយកឈ្នះលើការរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ ជាពិសេសការអនុវត្តន៍វិធានសុខាភិបាល «៣ការពារ និង៣កុំ» ហើយបើគ្មានការចាំបាច់សូមកុំធ្វើដំណើរ ចល័ត ពីកន្លែងមួយទៅកន្លែងមួយទៀត។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៥ ខែកក្កដា ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងវីរុសកូវីដ១៩បំប្លែងថ្មីប្រភេទដែលតា B.1617-2 ចំនួន៣៩នាក់ រួមមានអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនចំនួន២១នាក់ បុគ្គលិកសុខាភិបាល៤នាក់ ពលរដ្ឋក្នុងសហគមន៍ដែលប៉ះពាល់ផ្ទាល់៦នាក់ និងពលរដ្ឋក្នុងសហគមន៍មិនប៉ះពាល់ផ្ទាល់៨នាក់ ដែលជាករណីឆ្លងសហគមន៍លើកដំបូង៕