នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ចេញវិធានការរដ្ឋបាល នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ដោយគិតពីម៉ោង ២៣៖៥៩នាទី ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
វិធានការរដ្ឋបាលទាំងនោះរួមមាន ផ្អាកជាបណ្តោះអាសន្នចំពោះសាលារៀន, អាជីវកម្មក្លឹបកម្សាន្ត, រមណីយដ្ឋាន, សារមន្ទីរ, សួនកុមារ, អាជីវកម្មម៉ាស្សា, ហាងលក់ និងសេពគ្រឿងស្រវឹង, រោងភាពយន្ត រោងសម្តែងសិល្បៈ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។
ក្នុងអំឡុងពេល នៃការដាក់ចេញវិធានការរដ្ឋបាលនេះ ក៏មានការផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី១០នាក់។ ហើយការប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹង ក៏ត្រូវបានហាមឃាត់ផងដែរ។
ជាមួយគ្នានេះ បំរាមគោចរ ក៏ត្រូវបានអនុវត្តដែរ ដោយហាមឃាត់ការធ្វើចរាចរណ៦ និងសកម្មភាពការងារមុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ២១ ដល់ម៉ោង ៣ភ្លឺ៕