សង្គម

រាជរដ្ឋាភិបាល​ដាក់បំរាមគោចរនៅរាជធានីភ្នំពេញ ទីរួមខេត្ត និងទីប្រជុំជន ចាប់ពីយប់នេះ រយៈ​ពេល​១៤ថ្ងៃ

ដើម្បីទប់ស្កាត់ការឆ្លង​រាលដាល នៃជំងឺកូវីដ១៩ ជាពិសេស ក្នុង​បរិបទដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​មកដល់ នៃរលក​ទី៣ នៃការឆ្លង​រាលដាលទ្រង់ទ្រាយធំ នៃជំងឺកូវីដ១៩ បណ្តាល​មក​ពី​មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា, រាជរដ្ឋាភិបាល​កម្ពុជាបានសម្រេចដាក់ចេញនូវ​ «យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លងរាលដាល​ នៃជំងឺកូវីដ១៩» នៅទូទាំង​ប្រទេស សម្រាប់រយៈ​ពេល ១៤ថ្ងៃ ដោយ​គិត​ចាប់ពីម៉ោង ២៣:៥៩នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ​២០២១។

ក្នុង​រយៈពេល នៃការ​អនុវត្ត​យុទ្ធនាការនេះ គណៈ​អភិបាល​រាជធានីខេត្ត នឹងដាក់ចេញវិធានការ​ចាំបាច់​មួយ​ចំនួន ដូចជា៖

– ហាមឃាត់​ការ​ធ្វើសកម្មភាពមុខរបរ និង​អាជីវកម្ម​ក្លឹបកម្សាន្ត​គ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ, រង្គសាល, ឌីស្កូតែក បៀហ្គាឌិន, រមណីយដ្ឋាន សួនកម្សាន្តនានា, អាជីវកម្ម​ម៉ាស្សា, ហាងលក់ និង​សេពគ្រឿងស្រវឹងគ្រប់ប្រភេទ, រោងភាពយន្ត, រោង​សម្តែងសិល្បៈ,​ សារមន្ទីរ, ក្លឹបហាត់ប្រាណ និង​មជ្ឈមណ្ឌលកីឡា។

– រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជា​លក្ខណៈឯកជន ដែលមាន​មនុស្ស​ចូលរួ​លលើសពី ១០នាក់ ត្រូវ​មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច លើកលែង​តែការជួបជុំក្នុង​ចំណោម​សមាជិកគ្រួសារ ដែលរស់​នៅ​ក្នុង​លំនៅឋាន ឬទីសំណាក់ជាមួយ​គ្នា។

– ហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស​ដើម្បីសេព​គ្រឿងស្រវឹង​គ្រប់ប្រភេទ។

– ភោជនីយដ្ឋាន អាហារដ្ឋាន អនុញ្ញាត​ឲ្យ​ប្រកបអាជីវកម្ម​របស់ខ្លួនត្រឹមជាលក្ខណៈ​វេចខ្ចប់​ប៉ុណ្ណោះ។

– ដាក់ចេញបម្រាមគោចរពីចន្លោះ​ម៉ោង ២១ ដល់ម៉ោង ៣ភ្លឺ សម្រាប់​ភូមិសាស្រ្ត ឬ​ផ្នែកណាមួយដែលស្ថិត​ក្រោម​សមត្ថកិច្ច​របស់ខ្លួន ជាពិសេស សម្រាប់រាជធានីភ្នំពេញ ទីរួមខេត្ត និង​ទីប្រជុំជននានា។