កម្លាំងនគរបាលការពារព្រំដែនគោក ប៉ុស្តិ៍បឹងសាគូ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១សហការជាមួយកម្លាំងយោធាកងពលលេខ៥១ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បាន ឃាត់ខ្លួន ស្ត្រីជាជនជាតិថៃចំនួន ៣នាក់ ដែលព្យាយាមឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា នៅចំណុចក្រោយអគាប៉ារ៉ាមិក ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបននទាយមានជ័យ។
លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជការនគរបាលកាពារព្រំដែនគោកលេខ៩១១ បានថ្លែងថា ចំពោះជនជាតិថៃទាំ៣នាក់ខាងលើ ពួកគេឆ្លងដែនខុសច្បាប់ចូលប្រទេសកម្ពុជា ដោយជិះកង់បីមករកបន្ទប់ជួល ដោយឃើញមានការសង្ស័យកម្លាំងសមត្ថកិច្ចហៅមកសួរនាំតែម្ដង។
យោងការសួរនាំស្ត្រីទាំង៣នាក់បានប្រាប់ថា មានមេខ្យល់ខ្មែរថៃ ជាអ្នកសម្របសម្រួលក្នុងការរត់ផ្លូវ ពេលនេះមុខសញ្ញាមេខ្យល់បានកំពុងរត់គេចខ្លួន។
ស្ត្រីជនជាតិថៃទាំង៣នាក់មានឈ្មោះ ៖ ១-ឈ្មោះ Suphatta Nakmanee អាយុ២៥ឆ្នាំ, ២-ឈ្មោះ Wilaiwan Aphisermsakun អាយុ២២ឆ្នាំ និង៣-ឈ្មោះ Kanatsanan Promjuntuek អាយុ៣៩ឆ្នាំ ពួកគេទាំង៣នាក់រស់នៅខេត្តស្រះកែវ។
បច្ចុប្បន្នក្រោយសួរនាំស្ត្រីជនជាតិថៃទាំង៣នាក់ ត្រូវបានបញ្ជូនទៅខាងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីសួរនាំនិងមានវិធានការណ៍បន្ត៕