ក្នុងកិច្ចប្រជុំតាមអនឡាញជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីថ្ងៃម្សិលមិញ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធាណការ និងដឹកជញ្ជូន បានស្នើដាក់ដំណើរការសាកល្បង និងផ្សព្វផ្សាយស្តីពីការដកពិន្ទុបណ្ណបើកបរនៅខែកញ្ញា ឆ្នាំ២០២១ និងដាក់ប្រើប្រាស់ផ្លូវការនៅដើមឆ្នាំ២០២២។
បើតាមរដ្ឋមន្រ្តីក្រសួងសាធារណការ កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក គឺជាកម្មវិធីបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍ ធ្វើការដកពិន្ទុលើបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានលក្ខណៈពិសេសដូចជា ស្គាល់ទម្រង់បណ្ណរួមមាន បណ្ណបើកបរ លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់យានយន្ត និងអាចដឹងថាបណ្ណបើកបរត្រឹមត្រូវ ឬក្លែងក្លាយ ដឹងពីប្រតិបត្តិការនៃការកាត់ពិន្ទុ និងពិន័យលឿនរហ័ស ដឹងទីតាំងភូមិសាស្ត្រ និងប្រវត្តិនៃការដកពិន្ទុ និងពិន័យ និងអាចកត់ត្រារាល់ទិន្នន័យដែលអាចប្រើប្រាស់ជាយុទ្ធសាស្រ្តសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕