កាលពីវេលាម៉ោងប្រមាណ១២រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចក្បែរខាងក្រោយអតីតក្លឹបកម្សាន្ត X2 តាមបណ្តោយផ្លូវ៥៥កែងនឹងផ្លូវ២២២ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ កម្លាំងសមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្រ្កាបក្លឹបកម្សាន្តលួចលាក់នៅក្នុងអគារកំពុងជួសជុល ដោយឃាត់ខ្លួនជនជាតិចិនចិនប្រុសស្រីចំនួន ៨៧នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងលួចលាក់បើកក្លឹបកម្សាន្តនេះ គឺជាអគារកំពុងធ្វើការជួសជុលមានកំពស់១២ជាន់ ហើយនៅជាន់ទី៦ នៃអគារនោះ ជាកន្លែងលួចលាក់បើកក្លឹបកម្សាន្ត ដោយមានការប្រើប្រាស់ថ្នាំញៀនជាប្រភេទថ្នាំក្រវីទៀតផង។ នៅជាន់ទី៦នោះ កម្លាំងសមត្ថកិច្ចបានរកឃើញបន្ទប់ធំៗចំនួន៣បន្ទប់ ដែលរៀបចំជាប្រភេទជាក្លឹបកម្សាន្ត និងមានជនជាតិចិនប្រុសស្រីជាច្រើននាក់ បានទៅកំសាន្តនៅខាងក្នុងទៀតផង។
បើតាមសមត្ថកិច្ចប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ គឺប្រើអស់រយៈពេលជាង៣ម៉ោង ដោយបានធ្វើការឃាត់ខ្លួនជនជាតិចិនប្រុសស្រីសរុបចំនួន៨៧នាក់ ក្នុងនោះមានស្រីចំនួន៣៤នាក់ និងដកហូតទូរដែកចំនួនមួយ, ម្សៅ.សសង្ស័យជាសារធាតុញៀនមួយចំនួនតូច, រថយន្តជាច្រើនគ្រឿង រួមទាំងវត្ថុតាំងជាច្រើនផ្សេងទៀត។
បច្ចុប្បន្ន ជនជាតិចិនទាំង៨៧នាក់ខាងលើនោះ រួមទាំងវត្ថុតាំង ត្រូវបានសមត្ថកិច្ចយកទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធី៕