មេក្លោងធំចំនួន ៤នាក់ នៃក្រុមហ៊ុនដីឡូតិ៍ B.I.D ដែលបានបោកប្រាសលក់ដីខ្យល់ឲ្យប្រជាពលរដ្ឋកើបលុយរាប់សិបម៉ឺនដុល្លារនោះ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនកាលពីសប្តាហ៍កន្លងទៅនេះ។
មេក្លោងធំៗ៤នាក់នោះត្រូវបានបញ្ជាក់ថា ទី១) ឈ្មោះ បាន បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ តែងតាំងខ្លួនជាអគ្គនាយកក្រុមហ៊ុន B.I.D, ទី២) ឈ្មោះ ភន ទីគា ភេទប្រុស អាយុ២០ឆ្នាំ តែងតាំងខ្លួនជាអគ្គនាយករងក្រុមហ៊ុន B.I.D, ទី៣) ឈ្មោះ លី ប៊ុនរដ្ឋថី ភេទប្រុស អាយុ២៨ឆ្នាំ ជាដៃគូរសហការ និងជាអ្នកផ្តល់ប្រាក់ក្នុងគម្រោងដីឡូតិ៍ខ្យល់ និង ទី៤) ឈ្មោះ ជិន ឆៃយ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកចេញមុខទិញដីផ្ទាល់ពីម្ចាស់ដើម។
សូមបញ្ជាក់ថា ក្រុមហ៊ុនដីឡូត៍ខ្យល់ B.I.D ត្រូវបានប្រជាពលរដ្ឋប្រមាណជាង ៧០គ្រួសារ ប្តឹងទៅកាន់តុលាការពីករណីបោកប្រាស់លក់ដីខ្យល់ឲ្យពួកគាត់ ដែលស្មើនឹងទឹកប្រាក់ប្រមាណជា១លានដុល្លារ ក្នុងការលក់ដីឡូត៍ជាង ១០០ ឡូត៍ (ទំហំដីជិត ៥ ម៉ឺនម៉ែត្រការ៉េ)។
ក្រោយមកកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ លោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង សម្រេចចោទប្រកាន់ពួកគេទាំង៤នាក់ពីបទ «ឆបោក និង រំលោភលើទំនុកចិត្ត» ប្រព្រឹត្តនៅចំណុចអូរស្រីស្រណោះ ភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលអំឡុងខែកុម្ភៈ ឆ្នាំ២០២០ តាមមាត្រា៣៧៧ និង មាត្រា៣៨០នៃក្រមព្រហ្មទណ្ឌ៕