ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់នៅថ្ងៃនេះ វត្ថុបុរាណខ្មែរដ៏ល្អឯកមួយទៀត គឺ «ព្រះស្កន្ទគង់លើក្ងោក» នឹងត្រូវបញ្ជូនត្រឡប់ពីសហរដ្ឋអាមេរិក និងកម្ពុជាវិញនាពេលខាងមុខនេះ។
រូបចម្លាក់ដ៏មានតម្លៃនេះ ត្រូវបានអាជ្ញាធរសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូង នៃក្រុងញូវយ៉ក រឹបអូសពីម្ចាស់មុន ដែលស្ម័គ្រចិត្តប្រគល់ជូនដោយបោះបង់សិទ្ធិកាន់កាប់។
បើតាមក្រសួងវប្បធម៌ថា វត្ថុបុរាណដ៏ល្អពិចិត្រនេះ ត្រូវបានយកចេញពីប្រាសាទក្រចាប់ ដែលជាប្រាសាទមួយក្នុងរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានី នៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០។
លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា «រូបចម្លាក់ព្រះស្តន្ទគង់លើក្ងោកនេះ គឺជាគំរូ នៃភាពច្នៃប្រឌិតដ៏គួរឲ្យស្ងប់ស្ងែងរបស់បុព្វបុរសខ្មែរយើង។ ព្រះស្តន្ទ ទេព នៃសង្រ្គាមរបស់សាសនាហិណ្ឌូ គឺកម្រមានឃើញនៅក្នុងសិល្បៈខ្មែរ ប៉ុន្តែត្រូវបានបង្ហាញរូបរាងយ៉ាងលេចធ្លោនៅប្រាសាទក្រចាប់»។ «ការវិលត្រឡប់មកវិញ នៃរូបចម្លាក់នេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្វែងរក និងនាំយកមកវិញនូវព្រលឹងរបស់បុព្វបុរសយើង ដែលបានចាកចេញពីមាតុភូមិកំណើតអស់រយៈពេលច្រើនឆ្នាំកន្លងមក ក្នុងកំឡុងសម័យសង្រ្គាម…»៕