សង្គម

សាឡង់ដឹកខ្សាច់ បុកទូកអ្នកនេសាទ​នៅជ្រោយចង្វាលិចទៅបាតទន្លេ

កាលពី​ម៉ោងប្រមាណ​ជិត​១​រសៀល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២១ មានករណីសា​ឡង់​ដឹក​ខ្សាច់​មួយគ្រឿង​បាន​បើក​បុក​ទូក​អ្នកនេសាទ​ជនជាតិខ្មែរ​អ៊ិ​ស្លាម​ដាច់​ជា​ពីរ​កំណាត់​លិច​បាត់ទៅ​ក្នុង​ទន្លេសាប ប៉ុន្តែ​សំណាងមិន​បណ្តាល​ឲ្យ​មនុស្ស​រងគ្រោះថ្នាក់​ដល់​អាយុ​ជីវី​ត​ទេ។

​ទូក​នេសាទ​ដែល​សា​ឡង់​បុក​លិច​នោះ​មាន​ម្ចាស់​ឈ្មោះ ស្មាន់ ខ​សិន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ (​ត្រូវជា​ប្តី​) និង​ប្រពន្ធ​ឈ្មោះ លែ​ប អា​ធី​កាស អាយុ​៦០​ឆ្នាំ ព្រមទាំង​កូន​ឈ្មោះ សារ គី​រី​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​លំនៅ​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​ម្ចាស់​ទូក​រងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រូបគាត់ និង​ក្រុមគ្រួសារ​មាន​គ្នា​៣​នាក់​បាន​ជិះទូក​នេសាទ​មកពី​លក់​ត្រី​នៅ​រាជធានី​ភ្នំពេញ ខណៈនោះ​ស្រាប់​តែមាន​សា​ឡង់​ដឹក​ខ្សាច់​មួយគ្រឿង​បាន​បើក​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង បានមក​បុក​ទូក​របស់​ពួកគាត់​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​លិច​បាត់​នៅក្នុង​ទន្លេ​តែម្តង​។ នៅក្នុង​ហេតុការណ៍​នោះដែរ អ្នកនេសាទ​រងគ្រោះ​ទាំងនោះ បាន​លោត​ចេញ​ហែល​ទឹក​គេច​ពី​គ្រោះថ្នាក់ ហើយ​ភ្លាមៗ​នោះ ត្រូវបាន​ទូក​នេសាទ​ជនជាតិខ្មែរ​អ៊ិ​ស្លាម​ដូចគ្នា​ចេញទៅ​ជួយសង្គ្រោះ ។​

ភ្លាមនោះ​ម្ចាស់​ទូក​នេសាទ​ក៏​ទាក់ទង​ទៅ​ជនជាតិខ្មែរ​អ៊ិ​ស្លាម​ដូចគ្នា​ប្រមាណ​ជិត​១០​ទូក​បាននាំគ្នា​មក​មុជទឹក​រាវរក​ទូក​នោះ​អស់​ប្រមាណ​១​ម៉ោង​ទើប​រកឃើញ​តែមួយ​កំណាត់ និង​ម៉ាស៊ីន​តែប៉ុណ្ណោះ ចំណែក​មួយ​កំណាត់​ទៀត និង​សម្ភារៈ​រួមមាន​សំណាញ់​ចំនួន​២​ដៃ និង​លុយ​ប្រមាណ​៧​ពាន់​ដុល្លារ​បាន​លិច​បាត់​ក្នុង​ទន្លេ​មិនទាន់​រកឃើញ​នៅឡើយ៕