លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានថ្លែងថា កាលពីពេលថ្មីៗនេះ មន្ទីរបានធ្វើការព្រមានដល់មេឃុំចំនួនបី គឺ ឃុំត្រែងត្រយឹង ឃុំតាសាល និងឃុំត្រពាំងជោ ឱ្យបញ្ឈប់ជាបន្ទាន់នូវការចុះហត្ថលេខាលើលិខិតបញ្ជាក់ការកាន់កាប់ដោយខុសច្បាប់ ទៅលើដីក្នុងដែនឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ និងឧទ្យានជាតិព្រះមនុវង្សបូកគោ។
ការព្រមាននេះ គឺធ្វើឡើងក្រោយមួយរយៈចុងក្រោយនេះដីព្រៃមួយចំនួនក្នុងតំបន់ឧទ្យានជាតិសុរាម្រិតកុសុមៈគីរីរម្យ និងឧទ្យានជាតិព្រះមនុវង្សបូកគោ ជាតំបន់ការពារធម្មជាតិដែលបានបង្កើតឡើងដោយព្រះរាជក្រិត្យ ត្រូវបានរងការទន្ទ្រានកាន់កាប់ពីសំណាក់ជនមួយចំនួន។ ការទន្រ្ទានកាន់កាប់នេះត្រូវបានគេមើលឃើញថា មានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធមួយចំនួន រួមទាំងមេឃុំដែលបានចេញលិខិត និងចុះហត្ថលេខាបញ្ជាក់ទទួលស្គាល់ការកាន់កាប់នេះផងដែរ។
យ៉ាងណាក៏ដោយ ជាវិធានការបន្ទាន់ដើម្បីបញ្ឈប់រាល់សកម្មភាពនេះ មន្ទីរបរិស្ថានបានឲ្យមេឃុំទាំងបី និងអ្នកពាក់ព័ន្ធរួមទាំងមេភូមិ និរាករណ៍រាល់ហត្ថលេខាទាំងអស់ដែលបានចុះលើលិខិតកាន់កាប់ ផ្ទេរសិទ្ធ ទិញលក់ដីក្នុងតំបន់គ្រប់គ្រងដោយដែនឧទ្យានជាតិទាំងពីរ និងចុះកិច្ចសន្យាបញ្ឈប់ការចុះហត្ថលេខាលើលិខិតទិញលក់ ផ្ទេរសិទ្ធ ឬប្លង់បង្ហាញទីតាំងដីក្នុងដែនឧទ្យានជាតិទាំងពីរនេះចាប់ពីពេលនេះតទៅ៕