កងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ គោលដៅ ដឹព្រេមៀ សែនសុខ បានឃាត់ខ្លួននារីម្នាក់រួមជាមួយថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៤០គ្រាប់ (សង្ស័យជាសារធាតុញៀន), បំពង់កែវចំនួន០១ ខណៈជនសង្ស័យ បានយកសម្ភារៈមកផ្ញើប្តីដែលកំពុងកំដរម្តាយជាអ្នកជំងឺកូវីដ-១៩ សម្រាកព្យាលនៅទីតាំងខាងលើ។
ជនសង្ស័យឈ្មោះ គង់ សុភា ភេទស្រី អាយុ៣៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិក្បាលដំរី សង្កាត់ពោធិ៍សែនជ័យ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ រួមនឹងវត្ថុតាងត្រូវបានកម្លាំងឈរជើងនៅគោលដៅប្រគល់ឲ្យសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរនាំបន្តនីតិវិធី។
មុនពេលបញ្ជូន ទៅកាន់ទីបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យត្រូវបានយកសំណាកជាមុន ដោយប្រើឧបករណ៍តេស្តរហ័ស (Rapit Test) លទ្ធផល អវិជ្ជមានកូវីត-១៩៕