កាលពីព្រឹកមិញនេះ ពលរដ្ឋរស់នៅឃុំព្រៃផ្គាំ ស្រុកអង្គរបុរី បានសម្តែងការហួសចិត្តក្រោយពីឃើញក្រុមគ្រឿងចក្រនាំគ្នាដឹកដីមកចាក់លុបប្រឡាយរដ្ឋ នៅចំនុចទំនប់កៅសិបប្រុងយកធ្វើកម្មសិទ្ធិ ។ តែយ៉ាងណា មិនបានប៉ុន្មានម៉ោងផង ក្រុមគ្រឿងចក្រទាំងនោះបានរត់ចែកជើងគ្នា ក្រោយពីលោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបូរីបានបញ្ជាកម្លាំងចុះមកបង្ក្រាប។
បើតាមពលរដ្ឋថា អ្នកមានលុយនោះហ៊ានណាស់ ដោយគេបានជួលគ្រឿងចក្រមកចាក់ដីលប់ព្រែករបស់រដ្ឋ តែយ៉ាងណាពួកគាត់អរគុណដល់លោកអភិបាលស្រុកដែលបានចាត់វិធានការទាន់ពេលវេលាចំពោះករណីនេះ តែគួរឲ្យសោកស្តាយដែលអាជ្ញាធរមិនអាចចាប់បានគ្រឿងចក្រទាំងនោះបាន។
លោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបុរី បានថ្លែងថា ករណីចាក់ដីលុបព្រែកនេះ លោកមិនបានដឹងសោះ ហើយក៏មិនបានចេញច្បាប់ឲ្យចាក់ដីនៅចំនុចនោះដែរ ។ លោកថា ផ្លូវនោះគឺមានលោក ឌឿ ជាអភិបាលរងស្រុកគាត់តែងធ្វើដំណើរកាត់តាមនោះរាល់ថ្ងៃ តែមិនដឹងម៉េចគាត់មិនរាយការណ៍ជូនលោក ដោយបណ្តោយឲ្យគេចាក់ដីរាប់សិបឡានចូលទៅក្នុងព្រែកបាត់ទៅហើយ។
លោកថា អ្នកចាក់ដីនេះពិតជាព្រហើនមែន ដោយចេះរកនឹកឃើញមកចាក់ដីលុបប្រឡាយរដ្ឋទៅកើត, តែយ៉ាងណាលោកបានបញ្ជាកម្លាំងឲ្យឃ្លាំមើលទៀត បើមានអ្នកណាហ៊ានលុបប្រឡាយទៀត លោកនឹងអនុវត្តន៍តាមផ្លូវច្បាប់ហើយ៕