សង្គម

សម្តេច ហ៊ុន សែន អនុញ្ញាត​ឲ្យ​ម្ចាស់តោជនជាតិចិន យកតោរបស់ខ្លួនទៅ​ចិញ្ចឹម​នៅផ្ទះវិញ

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ក្រោយក្តាប់បានរឿងសត្វតោ។ ល្ងាចនេះខ្ញុំបានពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថា អនុញ្ញាតឱ្យម្ចាស់ យកទៅចិញ្ចឹមវិញ ក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាព ទាំងមនុស្ស ក្នុងផ្ទះនិងអ្នករស់ នៅជិតខាង»។

សូម​បញ្ជាក់ថា សត្វតោមួយក្បាលដែលមានទម្ងន់​ប្រមាណ ៧០គីឡូក្រាម ត្រូវ​បានមន្រ្តីអភិរក្សា​សត្វ​ចុះ​ទៅ​ធ្វើ​ការ​រឹបអូស​ពី​ជនជាតិ​ចិន​ម្នាក់​នៅ​សង្កាត់បឹងកេងកង កាលពីសប្តាហ៍​កន្លងទៅនេះ ក្រោយ​ពីមានការ​រាយការណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ។

ការ​រឹបអូស​យកសត្វតោចិញ្ចឹមរបស់ជនជាតិចិននោះ បានធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​សម្តែង​ការ​មិនគាំទ្រក្រោមហេតុផលថា សត្វតោនេះវាបានរស់នៅក្រោមការ​បីបាច់របស់ម្ចាស់វា​ជាច្រើនឆ្នាំមកហើយ ដោយ​មានមនោសញ្ចេតនាទៀតផង, ជាមួយ​គ្នា​នេះដែរ ក៏មានអ្នក​ប្រើប្រាស់​បណ្តាញ​សង្គមជាច្រើនផងដែរ ដែលបានគាំទ្រ​ចំពោះចំណាត់ការរបស់អាជ្ញាធរ ក្នុង​ការ​យកសត្វតោនៅដាក់ក្នុងព្រៃវិញ ព្រោះតែវាជាសត្វព្រៃ៕