បើតាមការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់កូវីដ១៩សម្រាប់រាជធានីភ្នំពេញជិតបញ្ចប់ហើយ ដោយពេលនេះ ក្រុមការងារកំពុងបន្តចាក់វ៉ាក់សាំងបង្ហើយនៅ ក្នុងខណ្ឌ ចំនួន៣ គឺខណ្ឌដូនពេញ ខណ្ឌ ព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ ។
បើតាមការបញ្ជាក់របស់លោកជំទាវ តួលេខអ្នកចាក់វ៉ាក់សាំងនៅក្នុងរាជធានីភ្នំពេញ គឺលើសផែនការដែលបានគ្រោងទុក ដោយសារ ទី១ តួលេខដែលគិតគូរនៅក្នុងការផ្ដល់វ៉ាក់សាំង គឺជាតួលេខដែលមានការប៉ាន់ស្មាន ទី២ មាន បងប្អូនប្រជាពលរដ្ឋយើងដែលនៅជិតរាជធានីភ្នំពេញក៏គាត់អញ្ជើញមកចាក់ដែរ ទី៣ ដោយសារតែពេលនោះយុទ្ធនាការនេះគិតតែទៅលើចំនួនប្រជាជនកម្ពុជា តែមិនបានគិតអំពីចំនួនជនបរទេសដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
« អញ្ចឹងមកដល់ថ្ងៃនេះខ្ញុំសូមគោរពអនុញ្ញាតជម្រាបជូនថាយើងចាក់សឹងតែអស់ហើយនៅសល់ទីតាំងមួយចំនួន យើងត្រូវចាក់បង្ហើយសម្រាប់ដូសទី២ នៅសល់តែបីខណ្ឌចុងក្រោយទេ ដែលយើងត្រូវបង្ហើយដូសទី២ ហើយក្រោយពីបញ្ចប់ដូសទី២នេះ យើងនឹងបិទបញ្ចប់នៃយុទ្ធនាការចាក់វ៉ាក់សាំងក្នុងរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខនេះហើយ អ៊ីចឹងសូមបងប្អូនយើង អ្នកដែលគាត់មិនទាន់បានចាក់ដូសទី ២ នេះ សូមអញ្ជើញមកចាក់ឲ្យបានទាន់ពេលវេលា » ។