(សៀមរាប) – ក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថានទូតឥណ្ឌូណេស៊ី កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានរៀបចំកម្មវិធីជិះកង់ «បាទីក្រមា» នៅរមណីយដ្ឋានអង្គរ។
លោក ស៊ូឌើរម៉ាន់ ហាសាំង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជាបានលើកឡើងថា ព្រឹត្តិការណ៍ជិះកង់នេះធ្វើឡើងក្នុងបំណងរក្សា ក៏ដូចជាបង្កើនទំនាក់ទំនងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ជាមួយគ្នានោះ ការជិះកង់នេះក៏ដើម្បីបង្កើនការផ្សព្វផ្សាយផ្នែកវប្បធម៌ និងទេសចរណ៍ពីគ្នាទៅវិញទៅមកផងដែរ។
លោកមានសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍ជិះកង់នេះនឹងក្លាយជាគំរូមួយដ៏ល្អប្រសើរ ដើម្បីជាការចាប់ផ្តើមនៃការក្រោកឈរឡើងវិញ ប្រយុទ្ធប្រឆាំងនឹងស្ថានការណ៍ដ៏លំបាកក្នុងវិបត្តិជំងឺកូវីដ១៩ នេះផងដែរ។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានកោតសរសើរចំពោះកម្មវិធីនេះថា បានបង្ហាញពីអតីតកាលរបស់ប្រទេសកម្ពុជា ក៏ដូចជាការបង្ហាញភាពប្រហាក់ប្រហែលគ្នានៃផ្នែកវប្បធម៌ និងអារ្យធម៌រវាងប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី ដោយការរៀបចំកម្មវិធីជិះកង់នៅក្នុងខេត្តសៀមរាបនេះមិនមែនជារឿងចៃដន្យទេ ខណៈដែលខេត្តនេះត្រូវបានចាត់ទុកជាទីក្រុងវប្បធម៌នៃប្រទេសអាស៊ានសម្រាប់ឆ្នាំ២០២១-២០២២៕