សង្គម

លោក ប្រាជ្ញ ចន្ទ ចូលកាន់តំណែងប្រធាន គ.ជ.ប ជាផ្លូវការ

នៅព្រឹកថ្ងៃទី៣០ ខែមិថុនា នេះ លោក ប្រាជ្ញ ចន្ទ ដែលធ្លាប់ជា​អភិបាលខេត្តបាត់ដំបង បាន​ចូល​កាន់តំណែងជា​ប្រធានគណៈកម្មាធិការជាតិ រៀបចំការ​បោះឆ្នោត (គ.ជ.ប) ផ្លូវការហើយ ក្រោមអធិបតី សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាង​របស់​ព្រះករុណាព្រះមហាក្សត្រ។

លោក ប្រាជ្ញ ចន្ទ ត្រូវ​បានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ក្នុងសម័យប្រជុំពេញអង្គ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ។

ក្នុងឱកាសចូលកាន់តំណែង​នៅព្រឹកមិញ លោក ប្រាជ្ញ ចន្ទ បាន​ប្តេជ្ញាចិត្តថា «ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទើបទទួលបាននូវការតែងតាំងថ្មី លោករួមជាមួយនឹងអនុប្រធាន សមាជិក គ.ជ.ប ទាំងអស់ ព្រមទាំងមន្ត្រីក្រោមឱវាទ នឹងខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី រៀបចំ ចាត់ចែង និងគ្រប់គ្រងស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រចនាសម្ព័ន្ធចំណុះ និងកិច្ចការបោះឆ្នោតឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីជាធរមាន ដើម្បីឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌សំដៅបង្កើនការជឿទុកចិត្តពីសំណាក់ភាគីពាក់ព័ន្ធ»។

សូម​បញ្ជាក់ថា លោក ប្រាជ្ញ ចន្ទ ធ្លាប់ជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចន្លោះពីឆ្នាំ១៩៩១ដល់២០០១ ជាអភិបាលខេត្តបាត់ដំបងពីឆ្នាំ២០០១ ដល់២០១៣ ជាអភិបាលខេត្តត្បូងឃ្មុំពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ពីឆ្នាំ២០១៧ រហូតដល់ក្លាយជាប្រធានគ.ជ.ប៕