អាជ្ញាធរខេត្តពោធិ៍សាត់បានសម្រេចថា នឹងសង់ស្ពានអាកាសថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ៥ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពក្រុងពោធិ៍សាត់ និងដើម្បីសម្រួលដល់ការធ្វើដំណើរ របស់អ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវនេះ។
យោងតាមព័ត៌មាន នៃរដ្ឋបាលខេត្តពោធិ៍សាត់ ស្ពានអាកាសថ្មើរជើង ថ្មីស្រឡាងនេះ នឹងត្រូវសាងសង់ឡើងក្នុងឆាប់ៗខាងមុខ ត្រង់ចំណុចសារៈមន្ទីរខេត្តពោធិ៍សាត់ ស្របពេលដែលច្រាំងស្ទឹង និងសួនច្បារ ១៤មករា ត្រូវបាននឹងកំពុងស្ថាបនាជិតរួចរាល់ហើយ។
រដ្ឋបាលខេត្តពោធិ៍សាត់បន្ថែមថា ខេត្តក៏មានគម្រោងកែលម្អសោភ័ណភាពក្រុង ឱ្យមានលក្ខណៈទាក់ទាញ និងស្រស់បំព្រង តាមរយៈការដាក់ភ្លើងបំភ្លឺផ្លូវសំខាន់ៗ តាមទីសាធារណៈក្នុងក្រុងពោធិ៍សាត់ ព្រមទាំងមានគម្រោងបន្ថែម ជុំវិញការដាំដើមឈើ នៅអមសង្ខាងផ្លូវវៀងក្រុងផងដែរ ៕