បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឲ្យដឹងថា ចុងសប្ដាហ៍ពីរថ្ងៃ គឺនៅថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២១ មានភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង ១០ ម៉ឺននាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសកម្ពុជា។
ក្នុងនោះ នៅថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្ដាហ៍ទីបីនៃខែមិថុនានោះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១០៩,០៩៥ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១០៧,៧៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១,៣៣៣ នាក់ ក្នុងនោះគោលដៅតំបន់ឆ្នេរ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជនកែច្នៃបែបទេសចរណ៍ធម្មជាតិ គឺជាគោលដៅដ៏សំខាន់ដែលមានភ្ញៀវទៅលេងច្រើនជាងគេ។
បើតាមការកត់សម្គាល់របស់លោក ថោង ខុន ចំនួននេះមានការកើនឡើងប្រមាណ ៥៣.៩៣% ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះ ២៨.៧២%។
ការកើនឡើងចំនួនភ្ញៀវទេសចរធៀបនឹងសប្តាហ៍កន្លងមក ត្រូវលោករដ្ឋមន្រ្តីបញ្ជាក់ថា គឺដោយសារមានថ្ងៃសម្រាកព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គួបផ្សំនឹងថ្ងៃសៅរ៍-អាទិត្យ មានរយៈពេលបីថ្ងៃ ដែលធ្វើឲ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានពេលវេលាច្រើនក្នុងការទៅកម្សាន្តនៅគោលដៅទេសចរណ៍នានា ដោយក្នុងនោះគោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរសមុទ្រ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជនដែលមានការកែច្នៃបែបទេសចរណ៍ធម្មជាតិ គឺជាគោលដៅចម្បងរបស់ភ្ញៀវទេសចរ ដែលជានិន្នាការថ្មីនៃការធ្វើដំណើរកម្សាន្តក្នុងបរិបទគន្លងថ្មី ជាពិសេសភាពងាយស្រួលក្នុងការរក្សាគម្លាតសុវត្ថិភាព និងការជួបជុំជាលក្ខណៈក្រុមគ្រួសារ និងមិត្តភក្តិ៕