បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងការចូលរួមអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញចុះរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកនៅលើផ្ទៃទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញក្នុងរយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែមិថុនា កម្លាំងបានចុះរុះរើបែចិញ្ចឹមត្រី និង ផ្ទះបណ្តែតទឹកនៅក្នុងភូមិសាស្រ្តខណ្ឌចំនួន៥ បានប្រមាណ១៣៨១កន្លែង។
លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ឲ្យដឹងថា ចំពោះបែចិញ្ចឹមត្រី ដែលមានត្រីគឺតម្រូវឲ្យនាំយកមកប្រមូលផ្តុំតែមួយក្នុងខណ្ឌព្រែកព្នៅ ដោយរង់ចាំអនុវត្តវិធានការបន្ត ដោយឡែកចំពោះបែចិញ្ចឹមត្រីដែលគ្មានត្រីចិញ្ចឹមត្រូវរុះរើចោល។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ដោយប្រកាសចំពោះអ្នករស់នៅនិងប្រកបបរបរលើផ្ទៃទឹកទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឲ្យរុះរើ រឺចល័តផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រីនិងសំណង់មិនរៀបរយឲ្យអស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយទុករយៈពេល៧ថ្ងៃ៕