បើតាមសេចក្តីរាយការណ៍ថា មានវង់អាប៉ោងដុះស្លែមួយកន្លែងស្ថិតនៅឃុំប្រាស្រែ នៃស្រុកអង្គរបុរី ខេត្តតាកែវបានបើកបម្រើអ្នកញៀញល្បែងជើងមួយនេះជារៀងរាល់ថ្ងៃ ដោយម្ចាស់វង់ល្បែងនេះអះអាងថា គេបានបង់លុយទៅឲ្យខាងជំនាញរួចរាល់អស់ហើយ។
តាមការអាងពីម្ចាស់វង់ល្បែងអាប៉ោងដែលគេស្គាល់ថា ឈ្មោះ ព័រ បាននិយាយថា លោកបានបង់លុយឲ្យអ្នកពាក់ពន្ធ័ក្នុង១ថ្ងៃ៣មុឺនរៀលទៅតាមជំនាញរៀងៗខ្លួន។
ប្រជាពលរដ្ឋបានលើកឡើងថា ខណៈសម័យកូវីដនេះ ទាមទារឲ្យគ្រប់គ្នាអនុវត្តនូវវិធានការ ៣ការពារ ៣កុំ តែវង់ល្បែងអាប៉ោងនៅឃុំបាស្រែនេះបែរជានៅលេង ដោយមានការប្រមូលផ្តុំមនុស្ស និងក្រោមការសម្របសម្រួលរបស់អាជ្ញាធរទៀត ដូច្នេះមិនដឹងថា តើស្នងការនគរបាលខេត្តតាកែវ ត្រូវគិតយ៉ាងណានោះទេ?
យ៉ាងណាក៏ដោយ ពាក់ពន្ធ័ករណីខាងលើនេះ លោក សុខ សុវណ្ណ នាយប៉ុស្ដ៍រដ្ឋបាលឃុំបាស្រែបានថ្លែងថា ពិតជាមានករណីលេងអាប៉ោងក្នុងមូលដ្ឋានរបស់លោកពិតមែន តែលោកបានហៅមកអប់រំច្រើនលើកហើយ ថែមទាំងឲ្យម្ចាស់វង់អាប៉ោងខាងលើទៅធ្វើកិច្ចសន្យាដល់អធិការនគរបាលស្រុកអង្គរបូរីថែមទៀតផង ហើយរឿងមេល្បែងឈ្មោះ ព័រ បានបង់លុយឲ្យជំនាញណា លោកអត់ដឹងទេ តែចំពោះលោកមិនបានទទួលលុយពីមេល្បែងរូបនោះឡើយ៕