សង្គម

ឆាប់ៗនេះហើយ! សំណុំរឿង​ប្រធានសហគមន៍នេសាទកំពង់រាប ព័ទ្ធចាប់ត្រី​ក្នុង​អន្លង់អភិរក្សដែលខ្លួនការពារ នឹងបញ្ជូនទៅ​តុលាការ

បើតាម​ការ​លើក​ឡើង​របស់​លោក សៅ កុសល នាយខណ្ឌរដ្ឋបាល​ជលផល​ខេត្ត​តាកែវ​បាន​បញ្ជាក់ថា សំណុំ​រឿង​ប្រធាន​សហគមន៍​នេសាទ​កំពង់រាប និង​បក្ខពួក នាំគ្នាយកអួន​ចូល​ទៅ​អូស​យកត្រី​ក្នុង​អន្លង់អភិរក្ស​ដែលខ្លួន​មើល​ការពារ​នោះ ពេលនេះ​បាន​ចូល​មក​ដល់​ដៃខណ្ឌរដ្ឋបាល​ជលផល​ខេត្ត​ហើយ ហើយឆាប់ៗនេះ សំណុំ​រឿង​នឹង​បញ្ជូន​ទៅ​កាន់តុលាការ​ហើយ។

តាមលោក សៅ កុសល ពេលនេះ​ជលផល​កំពុង​ប្រមូល​ភស្តុតាង និង​សាក្សី ព្រមទាំង​ពិនិត្យ​អង្គហេតុ​នៃរឿងនេះសិន មុននឹង​ត្រៀម​បញ្ជូន​ទៅ​តុលាការ ដោយ​យ៉ាង​យូរ ប្រមាណ ២សប្តាហ៍​ទៀតប៉ុណ្ណោះ នឹង​ទៅ​ដល់ដៃតុលាការហើយ។

សូម​បញ្ជាក់ថា កាលពីពេលថ្មីៗនេះ នៅ​ចំណុច​បឹងអភិរក្ស​ត្រីពូជ​អន្លង់ចិន ស្ថិត​ក្នុង​ឃុំកំពង់រាប ស្រុកព្រៃកប្បាស ប្រជាពលរដ្ឋ​រាប់សិបនាក់បានលើក​គ្នា​ធ្វើ​ការ​តវ៉ា ក្រោយ​ពី​បានឃើញក្រុមឆ្មាំអភិរក្សមានគ្នាប្រមាណជា ១០នាក់ បាននាំគ្នា​យក​អួន​ទៅព័ទ្ធចាប់ត្រី នៅក្នុង​អន្លង់អភិរក្សនោះ។

ការ​តវ៉ា​នៅពេលនោះ ក៏​មាន​ការ​ប្តឹង​ទៅ​ដល់អាជ្ញាធរ​ស្រុក ហើយ​ភ្លាមៗកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​លោក លោក កង វន្ថា អភិបាលរងស្រុកព្រៃកប្បាស ក៏បានមកដល់ ដោយ​បានដកហូតយកសម្ភារៈល្មើស និង​រកឃើញ​​អ្នក​ប្រព្រឹត្ត​សរុប​ចំនួន១១នាក់ ក្នុងនោះ​មាន​ទាំងអនុប្រធាន និង​ប្រធាន​សហគមន៍នេសាទ​កំពង់រាប ផងដែរ។

ក្នុងកំណត់ហេតុសាកសួរ លោក រស់ ប៉ុន អនុប្រធានសហគមន៍នេសាទកំពង់រាបបានថ្លែងថា លោកធ្វើតាមតែការបញ្ជាពីលោក អុិន ជឿន ជាប្រធានសហគមន៍ប៉ុណ្ណោះ ដោយ​ថា លោក អុិន ជឿន ជាអ្នកបញ្ជាឲ្យ​លោកទៅជួលស្បៃអ៊ួនដើម្បីយកទៅហ៊ំពន្ធ័ចាប់ត្រីក្នុងអន្លង់ តែម្ចាស់អ៊ួនគេមិនព្រមជួលឲ្យ​ទេ ទាល់តែប្រធានសហគមន៍ទៅជួលទើបគេព្រមជួលឲ្យ ព្រោះគេខ្លាចខុសច្បាប់ ហើយ​ក្រោយមកលោក អុិន ជឿន ក៏ទៅ​ជួលអ៊ួនដោយខ្លួនឯង និងបានឲ្យយកទៅក្រុមឆ្មាំប្រព្រឹត្តរាយព័ទ្ធចាប់ត្រីតែម្តង។

បើតាម​លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ ថា បទល្មើសនេះ ​ជនសង្ស័យអាចប្រឈមផ្លូវច្បាប់ជាប់ពន្ធនាគាពី៣ឆ្នាំ ទៅ៥ឆ្នាំ ដោយ​យោងតាមមាត្រា៩៨ នៃស្ដីពីច្បាប់រដ្ឋបាលជលផល៕